យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធ សូត្រមន្ត បង្សុកូល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ សូត្រមន្ត រាប់បាត្រ និងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ដោយបានចូលរួមចំណែកការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ។ ដែលពិធីនេះប្រព្រឹត្តទៅ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី និងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ តែងតែបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ សូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា និងសម្ដែងរបាំត្រុដ ដើម្បីបណ្ដេញឧបទ្រុឌចង្រៃនៅក្នុងឆ្នាំចាស់ និងសុំសេរីសួស្ដីនៅក្នុងឆ្នាំថ្មី ដែលឆ្នាំនេះជាឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនិងឈានចូលមកដល់នៅថ្ងៃទី ១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ។ ជាមួយនេះដែរឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទទួលបាននូវសេចក្ដីសុខ សេចក្តីចម្រើនសំណាងល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីអាក់ខានឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដូចខាងលើនេះ ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ក៏បានបែងចែកកងកម្លាំងបន្តប្រតិបត្តិការវការពារ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ដោយមិនមានការដកថយឡើយ ហើយកាន់តែពង្រឹងភារកិច្ចនេះបន្ថែមទៀត ដើម្បីកុំឲ្យជនឆ្លៀតឱកាសលបលួចប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ បានជាដាច់ខាត ។ ហើយជាមួយនោះដែរ ក៏បានប្រើប្រាស់កម្លាំងចូលរួមសហ ប្រតិបត្តិការ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលឆ្លងកាត់ខេត្តពង់ធំ និងប្រជាពលរដ្ឋគ្រប់រូបបានចូលរួមសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសឯក នៃសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។