បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងសប្តាហ៍ ព្រមទាំងបានវាយតម្លៃសកម្ម ភាពការងារ ដែលបានអនុវត្តនៅក្នុងសប្តាហ៍កន្លងទៅ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដែលត្រូវអនុវត្តបន្តនៅសប្តាហ៍ក្រោយ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីឧបាយកលដ៏ពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយមេឧទ្ទាមក្រៅច្បាប់ទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅប្រទេសដែលកំពុងបើកយុទ្ឋនាកា ការធ្វើសកម្មភាពបង្កើតព័ត៌មានក្លែងក្លាយ បំផុសព័ត៌មានមិនពិតនៅគ្រប់រូបភាព ក្នុងគោលបំណងបង្ក ចលាចល បះបោរ នាំមកនូវសង្គ្រាមសារជាថ្មីនៅកម្ពុជា។ ជាមួយនោះដែរ ក្រុមជ្រុលនិយមនៅក្នុងប្រទេសមួយក្តាប់តូច ក៏កំពុងធ្វើសកម្មភាពញុះញង់យុវជនយើងមួយចំនួន ដែលមិនយល់ពីការពិត និងមិនស្គាល់ពីតម្លៃនៃសន្តិភាព ឱ្យដើរ តាមពួកគេ ដើម្បីបំផ្លិចបំផ្លាញសុខសន្តិ ភាពរបស់ប្រជាជនកម្ពុជា ជាង១៧ លាននាក់ ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីដំណើរការនៃការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាមរតករបស់ប្រជាជនកម្ពុជាមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅយើងតជំនាន់រាប់ពាន់ឆ្នាំ និងបានគូសបបញ្ជាក់ពីការកសាង និងអភិវឌ្ឍន៍ ខេត្តទាំងបួនរបស់យើង នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ជាមួយនោះដែរ រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទៅទស្សនាកំសាន្តនៅរៀងរាល់ចុងសប្តាហ៍ រហូតដល់បំណាច់ឆ្នាំ២០២៤ដោយរាជ រដ្ឋាភិបាលជាអ្នកផ្ដល់មធ្យោបាយដឹក ជញ្ជូនធ្វើដំណើរ និងអាហារហូបចុកផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងដាច់ខាតការពាររាជ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ជាមួយនោះដែរ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្ត ដោយត្រូវចូលរួមអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធ ពលខេមរភូមិន្ទ និងការដឹកនាំបញ្ជាដោយផ្ទាល់ពីគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលបានប្រគល់ជូន។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។