មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ធំជួសជុលកំណាត់ផ្លូវជាតិលេខ៦ ចំណុចរង្វង់មូលតាក្រហម ក មកដល់គល់ស្ពានត្បូងចាមប្រវែង ២.៧០០ ម៉ែត្រ
(កំពង់ធំ)៖តាមការបញ្ជាក់ពីលោក ជូ កូល្លា ប្រធានមន្ទីរសាធារណការនិងខេត្តបានប្រាប់សារព័ត៌មាននៅថ្ងៃទី ៧ ខែ កុម្ភៈឆ្នាំ ២០២៥ នេះថាគម្រោងជួសជុល និងថែទាំខួបលើកំណាត់ផ្លូវជាតិលេខ ៦ ដោយកាយបកយកកៅស៊ូចាស់ចេញរួចចាក់ក្រាលកៅស៊ូ AC (Overlay) ទំហំ ២០,៧០០ម៉ែត្រការ៉េ ត្រង់គីឡូម៉ែត្រ១៦១-៧០០ដល់គីឡូម៉ែត្រ១៦៤+០០០ មួយចំហៀងខាងស្តាំមកពីភ្នំពេញ ព្រមទាំងគូសគំនូស ចរាចរណ៍ទំហំ ១,០០៩ម៉ែត្រការេ ដាំបង្គោលផ្លាកសញ្ញាចរាចណ៍ចំនួន ៥៥ ផ្លាក និងដាំភ្នែកឆ្មា(3M) ចំនួន ១៧៤គ្រាប់ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកបន្តថាការរៀបចំនូវផ្លាកសញ្ញាមានដូចជាសញ្ញាបត់ស្ដាំ សញ្ញាបត់ឆ្វេង សញ្ញាបន្ថយល្បឿន សញ្ញាពញ៉ាក់អារម្មណ៍ សញ្ញាមន្ទីរពេទ្យ សញ្ញាសិស្សសាលាឆ្លងកាត់ នៅតាមតំបន់សាលារៀន និងសញ្ញាផ្សេងៗទៀតដែលសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋសម្គាល់ដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកប្រធានមន្ទីរបញ្ជាក់ថា ដើម្បីឱ្យផ្លូវថ្នល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ប្រើប្រាស់បានយូរអង្វែង សូមប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាថែរក្សា និងបង្កើនការយកចិត្តទុក ដាក់ឱ្យបានខ្ពស់ ជាពិសេសរួមគ្នាគោរពច្បាប់និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនកាន់តែឆាប់រហ័ស ។
លោកបន្តទៀតថារាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តក្រោមការដឹកនាំរបស់លោក នួន ផារ័ត្ន អភិបាលខេត្ត បានយកចិត្តទុកដាក់ធ្វើការជួសជុលផ្លូវ សាងសង់ផ្លូវ ក៏ដូចជាក្រោមការ យកចិត្តទុកដាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន បានខិតខំសាងសង់ផ្លូវ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ធ្វើផ្លូវគ្រប់ច្រកល្ហក ហើយឃើញថាផ្លូវ សាងសង់បានច្រើន ដូច្នេះសម្រាប់អ្វីដែលជារឿងនៅសេសសល់នោះ គឺជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេស ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ សូមចូលរួមថែទាំផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង កុំនាំគ្នាលុប ប្រឡាយទឹក លុបលូ និងចោលសំរាមផ្ដេសផ្ដាស ជាពិសេសគឺការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូច្នេះនៅពេលដែលយើងដឹកជញ្ជូនលើសទម្ងន់ គឺនឹងធ្វើឱ្យផ្លូវរបស់យើងឆាប់ខូច បើទោះបីជាមន្ទីរខិតខំថែទាំយ៉ាងណាក៏ដោយ បើប្រជាពលរដ្ឋមិនចូលរួមថែរក្សានិងការពារទាំងអស់គ្នាទេនោះ គឺផ្លូវរបស់យើងមិនអាចប្រើប្រាស់បានយូរអង្វែងនោះទេ» ។
លោក ជូ កុល្លា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត, មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងបន្ថយល្បឿនឬឈប់ នៅផ្លូវប្រសព្វ, មិនត្រូវបើកបរក្រោមស្ថានភាពស្រវឹង ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច , ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរ តាមរថយន្ត, មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេង ភ្ជាប់ទំនាក់ទំនង , ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេស កង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។