អនុសាខាកាកបាទក្រហមស្រុកប្រាសាទបល្ល័ង្ក នាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូន០២គ្រួសារដែលមានជីវភាពខ្វះខាត និងពិការភាព
(កំពង់ធំ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក អមដំណើរដោយលោកស្រី ឃួន ឡេ អភិបាលរង និងជាអនុប្រធានប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក រួមជាមួយមន្ត្រីប្រចាំការអនុសាខា ក្រុមប្រឹក្សាឃុំ ថ្នាក់នាំភូមិ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន មកប្រគល់ជូនគ្រួសារមានពិការ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន០២គ្រួសារ។ ចំពោះគ្រួសារទី១ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក មានមេគ្រួសារឈ្មោះ លួន លឹម ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅជាមួយម្តាយចាស់ជរា ឈ្មោះ ដោក ញិង ភេទស្រី អាយុ៧៩ឆ្នាំ គ្រួសារដែលមានជីវភាពខ្វះខាត។ ចំពោះគ្រួសារទី២ មានមេគ្រួសារឈ្មោះ ឈួន សឿន ភេទស្រី អាយុ៤១ឆ្នាំ និងប្ដីឈ្មោះ ហួត ឈាន មានកូន៥នាក់ក្នុងបន្ទុក និងមានម្ដាយចាស់ សាមីខ្លួន និងកូនម្នាក់ មានពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាដែលជានិច្ចកាលតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៏ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា)។
បន្ថែមក្នុងពេលនោះដែរលោកប្រធានគណៈកម្មាធិកាអនុសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយអនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលាដូចជាករណី អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ដាក់ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។
សូមបញ្ជាក់ផងដែរថា អំណោយដែលអនុសាខាបានផ្តល់ជូនគ្រួសារទាំង២ ក្នុងមួយគ្រួសារទទួលបាន៖ ថវិកា១០០.០០០រៀល អង្ករ៥០គីឡូក្រាម មី០១កេសទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ កន្ទេល០១ ភួយ០២ មុង០២
សារុង០២ និងក្រមា០២ផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។