យោធិនការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្គត់ផ្គង់បន្លែធម្មជាតិគ្មានសារធាតុគីមី ជូនដល់ផ្ទះបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
(ខេត្តកំពង់ធំ)៖ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម នាយការិយាល័យអភិវឌ្ឍន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្រៅពីបំពេញភារកិច្ចស្នូល យោធិនក្នុងការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ក្នុងការដាំបន្លែបង្ការធម្មជាតិ ដោយមិនមានប្រើប្រាស់សារធាតុគីមី ដើម្បីផ្ដល់ជូនដល់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធានារក្សាសុខភាពជូនដល់យោធិនដែលត្រូវពិសារអាហារប្រចាំថ្ងៃនៅក្នុងផ្ទះបាយរួម ។ ជាមួយនោះដែរ ការិយាល័យអភិវឌ្ឍន៍ នឹងបន្តដាំបន្លែបង្ការតាមរដូវ និងពេលវេលានៃដំណាំនីមួយៗបន្ថែមទៀត រួមជាមួយនឹងការថែទាំដើមស្រកាលនាគដើម្បីផ្គត់ផ្គង់ដល់ផ្ទះបាយសមូហភាព ។ ប្រសាសន៍នេះត្រូវបានរាយការណ៍ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ក្នុងឱកាសត្រួតពិនិត្យសកម្មភាពការងារប្រឡងប្រណាំងបង្កបង្កើតផលនៅទីបញ្ជាការតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៅការិយាល័យអភិវឌ្ឍន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ ដែលបានយកចិត្តទុកដាក់ដាំដំណាំបង្កបង្កើតផល ចិញ្ចឹមសត្វក្នុងការផ្គត់ផ្គង់បន្លែបង្ការ និងសាច់សត្វដែលបានចិញ្ចឹមសម្រាប់រៀបចំអាហារផ្សេងៗ ជូនដល់ផ្ទះបាយនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ នាពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិននៃការិយាល័យអភិវឌ្ឍន៍ ត្រូវខិតខំបន្តបន្ថែមទៀតក្នុងការចិញ្ចឹមសត្វ រួមជាមួយនឹងការដាំបន្លែបង្ការដែលប្រើប្រាស់ជីធម្មជាតិ ដោយគ្មានប្រើប្រាស់សារធាតុគីមី ដើម្បីឲ្យបន្លែបង្ការរបស់យើងមានឱជារស នឹងមិនប៉ះពាល់ដល់សុខភាពរបស់យោធិន ដែលត្រូវពិសាអាហារនៅក្នុងផ្ទះបាយសមូហភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ អត្ថបទតំបន់សឹរងកំពង់ធំ៎.ពិនិត្យដោយអ៊ុមញឹប។