បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្ត
(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តខែកញ្ញាដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយ នាយរង ការិយាល័យ ផ្នែកពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូបបានចូលរួមផងដែរ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា ឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលអង្គភាពអនុវត្តបានសម្រេចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន និងបានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើង ព្រមទាំងដាក់ចេញនូវសេចក្តីព្រាងទិសដៅមួយចំនួន ដែលត្រូវអនុវត្តបន្តផងដែរ។
បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ និងបានធ្វើការកែសម្រួល បំពេញបន្ថែមនូវខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ និងទិសដៅ ដែលត្រូវអនុវត្តបន្តឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងបានកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ ទាំងអស់ ដែលបានអនុវត្តល្អក្នុងការត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ មធ្យោបាយ សម្ភារៈ និងកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជា ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម ថែរក្សាសុខសន្តិភាព ជូនប្រជាជន ។ ដោយឡែកបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារទប់ស្កាត់ និង បង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍: ទីមួយ ត្រូវបន្តត្រៀមបម្រុងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
ទីពីរ ត្រូវបន្តចូលរួមសហការយ៉ាងសកម្ម ជាមួយកងកម្លាំងចម្រុះ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឲ្យកើតមានឡើងជាថ្មីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត ។
និងទីបី ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តសកម្មភាពទៅបម្រើប្រជាជន និងអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ដោយអស់ពីចិត្តពីថ្លើម ដោយត្រូវអនុវត្តតាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន ធ្វើអ្វីៗ ដើម្បីប្រជាជន ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។