ឯកឧត្តម គន់ គីម ណែនាំកសិករឱ្យប្រើប្រាស់ពូជស្រូវប្រាំងក្នុងស្រុកដើម្បីធានាបាននូវទិន្នផលនិងទីផ្សារល្អ
(កំពង់ធំ): ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដែលរងផលប៉ះពាល់ខ្វះទឹកស្រោចស្រព និងខូចខាតជាង៣រយហិចតា ស្ថិតក្នុង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៥។
ជាមួយនេះផងដែរ លោកបានណែនាំដល់កសិករត្រូវចងក្រងជាសហគមន៍ ទំនើបដែលប្រើប្រាស់ពូជផលិតក្នុងស្រុកដែលមានក្រសួងពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលក្នុងការធានាបាននូវទិន្នផលខ្ពស់ទីផ្សារល្អ ដែលផ្តល់ភាពជឿជាក់និងទុកចិត្តបំផុតដល់កសិករ។
ទន្ទឹមនឹងនេះ លោកបានសម្តែងនូវសមានចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយប្រជាកសិករនៅឃុំបន្ទាយស្ទោងជាច្រើនរយគ្រួសារនិងច្រើនរយហិចតាដែលកំពុងរងផលប៉ះពាល់ខ្វះខាតទឹកស្រោចស្រពនិងសង្គ្រោះឡើងវិញ ទោះបីក្រុមការងារនិងអាជ្ញាធរមូលដ្ឋានស្វះស្វែងដុតដៃដុតជើងក្នុងការជួយបូមទឹកសង្គ្រោះយ៉ាងណាក៏ដោយពីព្រោះយើងពុំមានប្រភពទឹកផ្គត់ផ្គង់គ្រប់គ្រាន់។
លើសពីនេះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវត្រង់ស្ថិតិស្រែស្រូវកសិករនិងចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងខូចខាតស្រូវនៅពេលនេះដើម្បីត្រៀមទទួលបាននូវការផ្ដល់ស្បៀងសង្គ្រោះបឋមនិងផ្ដល់ពូជព្រោះស្តារនៅពេលក្រោយ ដែលជាការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត លោកបានបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការតាមដាននិងបូមទឹកស្រោចស្រពសង្គ្រោះស្រែស្រូវកសិករឱ្យបានហ្មត់ចត់នៅភូមិបេង ដែលមានប្រជាកសិករសរុប ៥៥គ្រួសារនិងមានផ្ទៃដីត្រូវសង្គ្រោះចំនួន ៤១.៥ ហិចតា ឱ្យខាងតែបានព្រោះស្រូវពួកគាត់កំពុងមានប្រភពទឹកពីអន្លង់ជ្រៅៗនៃស្ទឹងស្ទោងដែលកសិករកំពុងបូមសង្គ្រោះយ៉ាងមមាញឹក។
សូមបញ្ជាក់ថាឃុំបន្ទាយស្ទោងមានស្រូវប្រាំងចំនួន៣៨៥ហិចតា ដែលសរុបប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០ កំពុងរងការខ្វះប្រភពទឹកក្នុងការបូមសង្គ្រោះ ហើយក្នុងឱកាសនេះដែរលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានឧបត្ថម្ភទឹកប្រាក់១លានរៀលដល់កសិករនៅភូមិបេង ដែលកំពុងមានប្រភពទឹកក្នុងការបូមសង្គ្រោះឱ្យបានទាន់ពេល បន្ថែមលើក្រុមការងារដែលបានជួយបូមសង្គ្រោះកន្លងមក។ អត្ថបទរដ្ឋបាលស្រុកស្ទោង៌..ពិនិត្យដោយអ៊ុមញឹប។