រដ្ឋមន្រ្តីក្រសួងព័ត៌មានជម្រុញឱ្យមន្ទីរព័ត៌មានខេត្ត រាជធានីធ្វើទំនើបកម្មស្ថាប័ន និងពង្រឹងសមត្ថភាពមន្រ្តី
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានជម្រុញឱ្យថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានីខេត្តខិតខំធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន រួមទាំងពង្រឹងសមត្ថភាពមន្រ្តីបន្ថែមទៀតស្របតាមទាំង ការវិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងទាំងការវឌ្ឍននៃស្ថានភាពពិភពលោក តំបន់ និងកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា៖« ខ្ញុំលើកទឹកចិត្តឱ្យមន្ទីរបណ្តុះបណ្តាលផ្ទៃក្នុង អ្នកចេះច្រើនបង្រៀនអ្នកចេះតិចទៅ បង្កើនការបណ្តុះបណ្តាល វិក្រិតការក្នុងមន្ទីរបស់ខ្លួន ពូ អុំមន្រ្តីចាស់ៗចែករំលែកដល់មន្រ្តីវ័យក្មេង រឺមន្រ្តីជាប់កិច្ចសន្យា ឱ្យមានសមត្ថភាពបន្ថែមទៀត នឹងច្នៃប្រឌិតប្រើប្រាស់ឱ្យអស់លទ្ធភាពទាំងធនធានមនុស្សនិងសម្ភារៈ»។ បន្ថែមពីនោះឯកឧត្តមរដ្ឋមន្រ្តីត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ កសិកម្ម ផលិតផលក្នុងមូលដ្ឋាន រួមនឹងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានជូនដល់សាធារណជនបានទូលំទូលាយ និងត្រូវបន្តចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានកាន់តែសកម្មបន្ថែមទៀត។ ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍នេះខណៈអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនាព្រឹកថ្ងៃ៣១ខែមករាឆ្នាំ២០២៥នៅសាលប្រជុំវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង។ ទន្ទឹមនោះឯកឧត្តមរដ្ឋមន្រ្តីជម្រុញឱ្យមន្ទីរប្រឹងប្រែងរកចំណូលបន្ថែមតាមរយៈតួនាទីភារកិច្ចរបស់ខ្លួពិសេសចំណូលតាមការងារសោតទស្សន៍ អាហ្វីស ប៉ាណូដែលមានក្នុងខេត្តតាមរយៈច្រកចេញចូលតែមួយក្នុងនាមសេនាធិការឱ្យរដ្ឋបាលខេត្ត ព្រោះបាត់ដំបងក៏ជាខេត្តសក្កានុពលមួយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថាចំណូលសោតទស្សន៍នេះបានមកក្នុងក្របខ័ណ្ឌមន្ទីរ គឺមន្ទីរយកទៅអភិវឌ្ឍន៍មន្ទីរខ្លួនឯង ដោយលើកទឹកចិត្តលៃលកការពង្រឹងលើផ្នែកសម្ភារៈផ្សេងៗ ផ្អែកតាមការច្នៃប្រឌិតរបស់មន្ទីរ ។
ឱកាសនោះឯកឧត្តមនេត្រ ភក្រ្តា ជម្រុញឱ្យមន្ទីរព័ត៌មានខិតខំ ធ្វើការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ ដល់ប្រជាពលដ្ឋ ដោយបន្តធ្វើការទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរពាក់ព័ន្ធ មន្រ្តីតាមស្រុក មេឃុំ ចៅសង្កាត់ជាដើម ភ្ជាប់ទំនាក់ទំនងធ្វើការឡាយផ្ទាល់នូវព័ត៌មាន រឺហេតុការណ៍ដែលកើតឡើងក្នុងខេត្ត ក្នុងស្រុករបស់ពួកគាត់បានទាន់ពេលវេលា។បន្ថែមពីនោះត្រូវបង្កើនការច្នៃប្រឌិត ក្នុងការផលិតព័ត៌មានដែលចាប់អារម្មណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជា តម្លៃបន្លែ សាច់ អង្ករតាមទីផ្សារប្រចាំថ្ងៃ ផ្សាយផ្ទាល់ពីការស្ទះចរាចរតាមស្តុប តម្លៃផលិត និងតំបន់ទេសចរណ៍ ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យផ្សារភ្ជាប់រវាង រដ្ឋ ជាមួយប្រជាពលរដ្ឋ នឹងបង្កើននៅជំនឿទុកចិត្តដល់ពួកគាត់បន្ថែមទៀត។
ក្នុងឱកាសនោះលោក សុវណ្ណវីទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងនៅក្នុងឆ្នាំ២០២៤ បានផលិតនូវព័ត៌មានខេត្តជាច្រើនទាក់ទងសកម្មភាពថ្នាក់ដឹកនាំខេត្តបាត់ដំបង សមិទ្ធិផលនានារបស់ខេត្ត (មានដូចជាផ្លូវថ្នល់ អគារសាលារៀន មណ្ឌលសុខភាព វត្តអារាមជាដើម) ,ព្រឹត្តិការណ៍ធំៗ និងបទយកការណ៍ ស្តីពីវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍទីក្រុងបាត់ដំបង អនាម័យបរិស្ថាន ក៏ដូចជា យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើម) សរុបចំនួន ១១៨៤ អត្ថបទព័ត៌មាន។ បន្ថែមពីនោះ រាយការណ៍ព័ត៌មានពេលព្រឹកទៅកាន់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក មានចំនួន ១២៩លើក ការបញ្ជូនព័ត៌មានទៅផ្សព្វផ្សាយបន្តនៅស្ថានីយវិទ្យុជាតិកម្ពុជា និងគេហទំព័រក្រសួងព័ត៌មាន មានចំនួន១៧៩អត្ថបទ និងបានយកព័ត៌មានពីថ្នាក់ជាតិមកផ្សព្វផ្សាយជូន បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងវិញ សរុបចំនួន ៣០២៦ អត្ថបទ។ លោកប្រធានមន្ទីរបន្ថែមថាមន្ទីរព័ត៌មានខេត្តបាត់ដំបង ក៏បានធ្វើការងារយ៉ាងសកម្មលើកិច្ចការងារព័ត៌មាន និងសាធារណមតិផងដែរ ដោយបានធ្វើការតាមដាននិងសម្រង់ព័ត៌មានប្រចាំថ្ងៃទាំងវិជ្ជមាន និងព័ត៌មានរសើប ព័ត៌មានក្លែងក្លាយជាប្រចាំដោយបានបញ្ជូនទៅកាន់ថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។
ក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរព័ត៌មានខេត្តបាតដំបង ដែលបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើងទាក់ទងនឹងខេត្តបាត់ដំបង និងបានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវប្រកាន់យកអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសេនាធិការ ក្រសួង និងជាសេនាធិការរដ្ឋបាលខេត្ត លើការងារព័ត៌មាន និងសាធារណមតិនេះ៕ អត្ថបទ ភី សុខវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង