ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន គឺជាក្រសួងដែលមានតួនាទីដ៏សំខាន់មួយ និងជាក្រសួងដែលកាន់អំណាចសារព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាក្រសួងដែលមានតួនាទីដ៏សំខាន់មួយ ជាក្រសួងដែលយើងអាចនិយាយបានថា ជាក្រសួងដែលកាន់អំណាចសារព័ត៌មាន ហើយកាលណាយើងនិយាយពីការងារព័ត៌មាន គឺយើងនិយាយអំពីអំណាចនយោបាយ ដែលអំណាចនយោបាយគឺអំណាចបីរបស់រដ្ឋ និងអំណាចបីផ្សេងទៀតជាអំណាចសង្គម ដែលអំណាចបីនេះមានតុល្យភាពគ្នា ខណៈអំណាចរដ្ឋទាំងបីនោះគឺសំដៅទៅលើអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដែលជាអំណាចរដ្ឋ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ចំណែកឯអំណាចសង្គមដែលមានតុល្យភាពបីដូចគ្នាជាមួយនឹងអំណាចរដ្ឋគឺមាន៖ ទី១. អំណាចសារព័ត៌មាន ដែលសំដៅទៅលើអំណាចនៃការបញ្ចេញមតិយោបល់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបោះពុម្ពផ្សាយ សេរីភាពនៃការនិយាយស្តីជាដើម ដែលស្របទៅនឹងច្បាប់នោះ គឺអំណាចសារព័ត៌មាន។ ទី២. អំណាចសាកលវិទ្យាល័យដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការបណ្តុះបណ្តាលខួរក្បាល បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេស និងទី៣. គឺអំណាចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គឺជាអំណាចសង្គមមួយដែលធានាទៅលើការការពារនូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការជ្រើសរើស ការសម្រេចចិត្តទៅលើអ្វីមួយតាមរយៈការបោះឆ្នោត ដែលយើងហៅថាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលយកសំឡេងប្រជាជនជាធំ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថានេះគឺជាចំណុចមួយដែលយើងត្រូវមើលឱ្យឃើញអំពីតួនាទីរបស់ក្រសួងព័ត៌មាន ដែលបានដើរតួនាទីសំខាន់ ហើយមិនមែនត្រឹមតែក្រសួងព័ត៌មានទេ ក៏ប៉ុន្តែយើងត្រូវមើលនៅក្នុងក្របខ័ណ្ឌនៃការងារដឹកនាំប្រទេស នោះក៏វាមានក្របខ័ណ្ឌនៃកិច្ចការងារផ្សេងៗទៀតដែលគ្រប់គ្រងការការងារព័ត៌មាន និងសាធារណមតិ ដោយក្រសួងព័ត៌មានគឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍។
ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងទៀតថា ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនេះ ក្រសួង ស្ថាប័ន ក៏មានផ្នែករបស់ខ្លួន ដែលគេហៅថា ជាអង្គភាពអ្នកនាំពាក្យ ដោយរាជរដ្ឋាភិបាលមានអង្គភាពអ្នកនាំពាក្យ មានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា បច្ចុបប្បន្ននេះក៏មានក្នុងក្របខ័ណ្ឌឆ័ត្ររួមមួយនោះគឺ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលជាយន្តការរួមរបស់ជាតិមួយ ឬក៏យើងអាចនិយាយជាសាមញ្ញថា ជាបញ្ជាការដ្ឋានព័ត៌មានរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រង ផ្សព្វផ្សាយ ក៏ដូចជាគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រាជរដ្ឋាភិបាល៕ ដោយ៖ ចាន់ សុភឿន AKP រូបថត៖ ខឹម សុវណ្ណារ៉ា