បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា ឆ្នាំ២០២៥ និងដាក់ចេញនៅទិសដៅអនុវត្តបន្ត
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលអនុវត្តបានក្នុងខែមករា ឆ្នាំ២០២៥ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ព្រមទាំងទិសដៅសំខាន់ៗមួយចំនួន ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សានិងបំពេញបន្ថែម ។
ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មេបញ្ជាការតាមបណ្ដាកងឯកភាព និងស្ថាប័នពាក់ព័ន្ធមួយចំនួន បានឡើងមានមតិពិភាក្សានិងបំពេញបន្ថែម នូវចំណុចសំខាន់ៗមួយចំនួនក្នុងរបាយការណ៍ និងទិសដៅដែលត្រូវអនុវត្តបន្តដើម្បីមានសុក្រិតភាព សម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំ និងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពនិងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរួមគ្នាខិតខំបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដែលត្រូវអនុវត្តបន្ត មានជាអាទិ៖ ១.ត្រូវបន្តពង្រឹងតួនាទីភារកិច្ចរបស់កងទ័ព ស្របតាមលក្ខន្តិកៈ ច្បាប់ និងបទវិន័យទូទៅរបស់កងយោធពលខេមរៈភូមិន្ទ ដោយយោធិនគ្រប់រូបត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារអធិបតេយ្យភាពជាតិមិនឱ្យមានបរទេសណាមករំលោភបំពានបានឡើយ។ ២.ត្រូវបន្តភារកិច្ចក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យបានជាដាច់ខាត ដោយត្រូវចាត់តាំងកងកម្លាំង រួមសហប្រតិបត្តិការជាមួយកងកម្លាំងចម្រុះ ដែលមានស្ថាប័នជំនាញការពាក់ព័ន្ធ អាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ និងក្នុងករណីចាំបាច់ត្រូវអនុវត្តដោយម្ចាស់ការក្នុងការការពារទប់ស្កាត់បង្ក្រាបឲ្យបាន មិនឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិកើតឡើងជាថ្មីទៀតបានជាដាច់ខាត។ ៣.ត្រូវចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ។ ពិសេសការចូលរួមសហការផ្ដល់ព័ត៌មាន និងអន្តរាគមន៍ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងអាធិបតេយ្យ ឱ្យបានដាច់ខាតមិនឲ្យមានការកើតឡើងនៅក្នុងមូលដ្ឋាននីមួយៗ ។ នឹងត្រូវបន្តសកម្មភាពក្នុងការបម្រើប្រជាជន និងអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ និងរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំឲ្យកាន់តែមានភាពប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិត និងភាពស្វាហាប់មុឺងម៉ាត់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។