លោកមេឃុំ ក្រើនរំលឹកដល់លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់នៃរដ្ឋបាលឃុំសាលាវិស័យ ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យភូមិ មានការរីកចម្រើន
(កំពង់ធំ)៖ លោក ជិន ហ៉ីន មេឃុំសាលាវិស័យ បានណែនាំ ក៏ដូចជាក្រើនរំលឹកដល់លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់នៃរដ្ឋបាលឃុំសាលាវិស័យ ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យភូមិ មានការរីកចម្រើន និងការអភិវឌ្ឍ។
លោកមេឃុំលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ លោកមេឃុំបានឱ្យដឹងថា មេភូមិ តួនាទីយ៉ាងសំខាន់ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជូនសាធារណជនឱ្យបានលឿន រហ័ស ជឿទុកចិត្តបាន ពិសេសត្រូវចេះកសាងផែនការ ក្នុងការអភិវឌ្ឍភូមិរបស់ខ្លួន ដែលមានលក្ខណៈតម្លាភាពជូនប្រជាពលរដ្ឋ លើផ្នែកផ្សេងៗ ដែលជាគម្រោងអទិភាព តម្រូវការ និងសំណូមពរ របស់ពួកគាត់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ជិន ហ៉ីន បន្ថែមថា មេភូមិទាំងអស់ត្រូវបន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងភូមិ ឱ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើន ពិសេសមេភូមិ ត្រូវរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ជាភាពចាស់ទុំ ហើយភូមិនីមួយៗត្រូវមានផែនការ និងចក្ខុវិស័យច្បាស់លាស់ មានការបែងចែកភារកិច្ចត្រឹមត្រូវ និងរបបប្រជុំច្បាស់លាស់ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។
លោកមេឃុំ ក៏បានលើកទឹកចិត្តមេភូមិទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយមេភូមិ ត្រូវមានការចែករំលែកនិងលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ធ្វើយ៉ាងណា ត្រូវចេះសហការ សាមគ្គីភាព លើកិច្ចការងារផ្សេងៗ ឱ្យមានលក្ខណៈល្អប្រសើរ ។
ជាចុងក្រោយ លោកមេឃុំបានសង្កត់ធ្ងន់ ដល់លោកមេភូមិ ត្រូវរាយការណ៍ រាល់បទល្មើស ផ្សេងៗដែលបានកើតឡើងនៅក្នុងមូលដ្ឋាន មានបទល្មើសគ្រឿងញៀន អំពើលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង ដែលបានធ្វើសកម្មភាពនៅតាមភូមិនីមួយៗ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវតែបង្ក្រាបរាល់បទល្មើសដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត និងជឿជាក់ ក្នុងការអនុវត្តច្បាប់ដែលប្រមុខថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់យ៉ាងក្ដៅគគក់។ អត្ថបទរដ្ឋបាលឃុំសាលាវិស័យ-ពិនិត្យដោយអ៊ុមញឹប។