ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា អំពាវនាវប្រជាពលរដ្ឋចូលរួមសហការអភិវឌ្ឍន៍មូលដ្ឋាន
(កំពង់ធំ)÷ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះនៅក្នុងកាសដែលលោក និងអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈក្រុមការងារចុះមូលដ្ឋាន
ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅវត្តឥន្ទរង្សី។
ក្នុងឱកាសនោះ លោកបានទទួលយកនូវសំណូមពរនិងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ទាំងអស់ដើម្បីប្រជុំពិនិត្យវាយតម្លៃជារួមថាតើសំណូមពរនិងបញ្ហាអ្វីខ្លះដែលជាសមត្ថភាព លទ្ធភាពឃុំ ស្រុក ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នមន្ទីរអង្គភាពនានាអាចធ្វើបាន ហើយបញ្ហាអ្វីខ្លះដែលក្រុមការងារ សហការដោះស្រាយ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងនិងឆ្លើយតបតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរឃុំទ្រាត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងាររបស់ខ្លួនជាពិសេសគឺខិតខំរក្សាឲ្យបាននូវគោលការណ៍ភូមិឃុំមានសុវត្ថិភាព ហើយអាណាព្យាបាលត្រូវជំរុញកូនចៅទៅសាលារៀននិងសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងជាឱកាសដែលពួកគាត់អាចជៀសផុតពីក្រុមសេពគ្រឿងញៀន ក្មេងទំនើងឬទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ជាមួយនេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលឃុំទ្រា ត្រូវតែមានភាពច្បាស់ការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍មូលដ្ឋាន ដោយមានផែនការមេនិងផែនការសកម្មភាពជាអាទិភាពច្បាស់លាស់ ហើយជៀសវាងនូវការលើកគម្រោងអភិវឌ្ឍន៍ជាន់គ្នាជាមួយនឹងគម្រោងដៃគូអភិវឌ្ឍន៍អង្គការស្ថាប័នអង្គភាពមន្ទីរពាក់ព័ន្ធក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ដែលកំពុងតែចូលរួមអភិវឌ្ឍន៍មូលដ្ឋាននាពេលបច្ចុប្បន្ន។
លោកអភិបាលស្រុកស្ទោង បានជំរុញបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋត្រូវសិក្សានិងសហការគ្នាឲ្យអស់ពីលទ្ធភាពដើម្បី កាយបើកលូឬប្រព័ន្ធរំដោះទឹកចាស់មួយចំនួនដែលកកស្ទះ និងបានរំលោភបំពានដោយអាណាធិបតេយ្យ ឱ្យមានរូបរាងនិងដំណើរការឡើងវិញ ដែលជាផ្នែកមួយ ក្នុងការស្រោចស្រុកនិងជាប្រព័ន្ធរំដោះទឹក ឱ្យជន់លិចមូលដ្ឋានជាពិសេសទីរួមស្រុកស្ទោងដ៏មានប្រសិទ្ធភាព។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។