អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសង្ឈប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពង់ធំ ដែលមានការនិមន្តអញ្ជើញចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ និងព្រះមហាធម្មពង្សា សួន ជារ៉ាហេក្តី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត នៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ជាមួយគ្នានោះដែរ ព្រះទេពសត្ថា សៀង សុខ ព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ និមន្តអានសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ជូនអង្គសន្និបាត រួចមក ឯកឧត្តម នួន ផារ័ត្ន សូមគាំទ្រនូវខ្លឹមសារនេះទាំងស្រុង ដើម្បីរក្សា គុណតម្លៃ និងកិត្យានុភាពរបស់ព្រះពុទ្ធសាសនាយើង និងមេត្តាបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសដែលបានប្រកាសគ្រប់ឆ្នាំកន្លងមក ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តិនានាដែលនៅជាធរមាន ជំរុញនិងលើកទឹកចិត្តពុទ្ធមណ្ឌលវិបស្សនាធុរៈគ្រប់ទីកន្លែង ក្នុងការចលនា មហាជនឱ្យចូលរួមបដិបត្តិសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ឱ្យមានបរិមាណកាន់តែច្រើននៅទូទាំង ប្រទេស សំដៅអប់រំផ្លូវចិត្តឱ្យបានប្រសើរនិងទូលំទូលាយ, ពង្រឹងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ពង្រឹងការ បដិបត្តិធម៌វិន័យរបស់ភិក្ខុ-សាមណេរឱ្យសក្តិសមជាសមណៈមានភាពថ្លៃថ្នូរ, មិនត្រូវធ្វើឬចូលរួមដង្ហែជាក្បួន បាតុកម្ម កូដកម្ម កុប្បកម្ម គ្រប់រូបភាពក្នុងទីសាធារណៈដែលនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់អ្នកបួស, ជំរុញនិងពង្រឹងការគោរពគ្រូឧបជ្ឈាយាចារ្យ និងព្រះថេរៈទាំងឡាយ, និងបង្កើនធនធានអ្នកជំនាញផ្នែក ភាសាបាលីសំស្ក្រឹតឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបទៅ នឹងការសិក្សាក្នុងវិស័យពុទ្ធិកសិក្សា។
លើសពីនេះទៀតឯកឧត្តម នួន ផារ័ត្ន សូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ព្រមទាំងមន្ទីរធម្មការនិងសាសនាខេត្ត ចូលរួមពង្រឹងបន្ថែមទៀតនូវកម្មវីធីមួយចំនួនដូចជា៖ ការពង្រឹងការងាររដ្ឋបាលសង្ឃ, កម្មវិធីអារាមមេត្រី បរិស្ថាន, កម្មវិធីរទេសចរណ៍វត្តអារាម, ព្រមទាំងជំរុញការបោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មវត្ត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីវត្តអារាមតាមច្បាប់កំណត់។ សូមប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។
អត្ថបទរដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។