លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវពោង៨៤អាវ ប្រគល់ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយឃុំក្ដីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ាសមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានក្រុមការងារ និងក្រុមការងារឃុំក្តីដូង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយអាវពោងចំនួន៨៤អាវ និងថវិកាមួយចំនួនប្រគល់ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្នុងការធ្វើដំណើរលើទូកដរ មកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃឱ្យមានសុវត្ថិភាព នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។
តាមរបាយការណ៍លោក ឈុន ស្រីឈឿន នាយកអនុវិទ្យាល័យពាមគ្រែង បានបញ្ជាក់ថាសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១០ មានសិស្សចំនួន១០១នាក់ ស្រី៣៧នាក់ ត្រូវបានឆ្លងទូកដរជាប្រចាំ ក្នុងថ្ងៃរៀនសូត្រ សម្រាប់១ពេលជិះឆ្លង២ដង ក្នុង១ដងមានចំនួន៥០នាក់ សម្រាប់អាវពោងសុវត្ថិភាពមានតែ៣៥ពោងតែប៉ុណ្ណោះ ពុំមានគ្រប់គ្រាន់ដល់សិស្សានុសិស្សសម្រាប់ពាក់ក្នុងការជិះទូកឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតនោះឡើយ។លោកនាយកក៏បានថ្លែងអំណរគុណដល់លោកជំទាវ និងឯកឧត្តមដែលបានឧបត្ថម្ភអាវពោងចំនួន៨៤អាវបន្ថែមដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរនាពេលនេះ។
ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ឋារី បានណែនាំដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នពីសុវត្ថិភាពទាំងឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ដោយត្រូវតែពាក់អាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់ ប្រសិនបើសិស្សនុសិស្សណាមិនពាក់អាវពោងនោះទេ គឺមិនឱ្យឆ្លងទូកដរនោះឡើយ។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្សានុសិស្ស ដើម្បីធានាសុវត្ថិភាព។
លោកជំទាវប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានបញ្ជាក់បន្ថែមទៀត ទៅលើលោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សានុសិស្ស និងឪពុកម្ដាយសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់និងតាមដានការធ្វើដំណើររបស់ពួកគាត់ ឱ្យបានគ្រប់ពេលវេលា ដើម្បីចៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ។
ចំពោះសិស្សានុសិស្សទាំងអស់ ត្រូវតែស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីបន្តរៀនឱ្យបានចប់ថ្នាក់ទី១២ មានជំនាញនិងបទពិសោធន៍ក្នុងជីវិត។ សូមក្មួយៗទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចូលរួមរក្សាសុខភាពនិងអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។
ចុងបញ្ចប់លោកជំទាវ ឯកឧត្តមនិងក្រុមការងារបានឧបត្ថមដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង នូវអាវពោងចំនួន៨៤អាវ ព្រមទាំងថវិកាចំនួន៣១០.០០០រៀលជារង្វាន់លើកទឹកចិត្តដល់សិស្សរៀនពូកែលេខ ១ ដល់លេខ ៣ ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។