ម៉ូតូចំនួន១៤គ្រឿង និងប្រេងសាំងចំនួន១.០០០លីត្រ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឯកឧត្តម នួន ផារ័ត្ន ត្រូវបានប្រគល់ជូនកងកម្លាំងចម្រុះបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ប្រគល់ភារកិច្ច និងប្រគល់ម៉ូតូ ប្រេងឥន្ធនៈ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៧ ក្នុងចំណោមទីបញ្ជការស្រាលទាំង១៤គោលដៅ ដេីម្បីបន្តធ្វើសកម្មភាព ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រប៉ែកខាងលេីនៃខេត្ត ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ប្រេងសាំង ១,០០០ លីត្រ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូ ចំនួន ១៤ គ្រឿងតាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះ នៅទីបញ្ជការស្រាលទាំង៧ នៅប៉ែកខាងលើភូមិសាស្ត្រខេត្ត ក្នុងចំណោមទីបញ្ជាការស្រាលទាំង១៤ ដែលមានភារកិច្ចគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ដេីម្បីបន្តសកម្មភាពក្នុងភារកិច្ចរបស់ខ្លួន ឲ្យទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីជាដាច់ខាត ។ ដោយឡែកផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននិងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឲ្យបានល្អមិនឲ្យមានការបាត់បង់ ដើម្បីមានវិធានការដាំស្ដារព្រៃឈេីឡើងវិញបន្ថែមទៀត បន្ទាប់ពីនៅពេលថ្មីៗនេះក្រោមការដឹកនាំរបស់ឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត យើងបានដាំកូនឈេីចំនួនជាង២ម៉ឺនដើម រួចមកហើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមលិខិតបទដ្ឋាននានា និងវិធានការច្បាប់ជាធរមានចំពោះជនល្មើសទាំងឡាយណា ដែលនៅតែរឹងរូសក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយត្រូវអនុវត្តន៍តាមនិតិវធីច្បាប់ ដោយគ្មានការលើកលែងឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។