លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិពលីមរណៈ ចំនួន ០៣ គ្រួសារ សរុបថវិកា ៦៤,៦១២,០០០ រៀល
(កំពង់ធំ)÷ល្ងាចថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានជួបសំណេះសំណាលប្រគល់ថវិកាឧបត្ថម្ភ គោលនយោបាយ ជូនគ្រួសារ មន្ត្រីនគរបាលជាតិ ពលីមរណៈចំនួន ០៣ គ្រួសារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពសមាជិក នូវការបាត់បង់ធំធេង ក្នុងក្រុមគ្រួសារ ដែលជាឧត្តមស្វាមី ជាបិតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ សម្រាប់បុត្រា បុត្រីគ្រប់ៗរូប គោរពប្រតិបត្តិ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារសមាជិក ដែលអនុញ្ញាតឱ្យស្វាមី ចូលបម្រើ ក្នុងជួរកងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែកការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នាពេលកន្លងមក រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ។
លោកស្នងការ បន្តថ្លែងថា បន្ទាប់ពីពលីមរណៈ សមាជិក
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រាក់
ឧបត្ថម្ភ គោលនយោបាយ ជូនគ្រួសារសមាជិក
ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់
សម្រាប់ដោះស្រាយជីវភាពជាប្រចាំថ្ងៃ ។
បន្ថែមថវិកាខាងលើនេះ លោកស្នងការ បានផ្ដាំផ្ញើ
ដល់គ្រួសារសមាជិក សូមប្រឹងប្រែងប្រកបមុខរបរ
បង្ករបង្កើនផល ការចិញ្ចឹមសត្វ ដើម្បីសម្រាលការចំណាយក្នុងជីវភាព ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត ។
សូមបញ្ជាក់ដែរថា គ្រួសារ ដែលទទួលបានប្រាក់ឧបត្ថម្ភ គោលនយោបាយ រួមមាន ÷
១.លោកវរសេនីយ៍ត្រី កែវ ជួង នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលបានថវិកាចំនួន ២២,១៣៦,៧៥០ រៀល ។
២.លោកវរសេនីយ៍ត្រី ជា សុគន្ធ នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏
ទទួលបានថវិកាចំនួន ២២,១៣៦,៧៥០ រៀល ។
៣.លោកអនុសេនីយ៍ឯក ប៉ែន ចាន់ថន មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ទទួលបានថវិកាចំនួន ២០,៣៣៨,៥០០ រៀល ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។