ឯកឧត្តម ឃឹង នុភាព អញ្ជើញកាន់វេនបិណ្ឌទី១១នៅវត្តចំនួន ៤ ក្នុងឃុំស្រើងស្រុកប្រាសាទសំបូរ
(កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើងបានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១១ តាមប្រពៃណីពុទ្ធសាសនា និងបានជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយលោកយាយ លោកតានៅតាមបណ្តារវត្តទាំង៤ ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានសួរសុខទុក្ខឯកឧត្តម អ៊ុន នឹង អតីតតំណាងរាស្ត្រប្រចាំខេត្តកំពង់ធំផងដែរថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តមបានលើកឡើងថាសុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិវឌ្ឍន៏និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរក្សាបាននូវសន្តិភាពជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ដូចនេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែការពារនូវ សុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត។
ឯកឧត្តមសូមអនុមោទនា និងចែករំលេកផលបុណ្យដល់ជនរួមជាតិ ពិសេសបំផុតដល់វីរៈកងទ័ពប្រចាំជួរមុខ និងវីរៈកងទ័ពដែលបានពលីក្នុងសង្គ្រាមឈ្លានពានសៀម និងឧទ្ទិសដល់ញាតិការទាំង៧សន្ដានដែលបានចែកឋានទៅកាន់ បរលោកសូមឲ្យបានទៅកាន់សុខភាពភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។