បទយកការណ៍៖ យុវជនឆ្លាតវៃក្នុងសម័យឌីជីថល ត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
នៅក្នុងយុគសម័យឌីជីថល ការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន។ តាមរយៈបច្ចេកវិទ្យា មនុស្សគ្រប់រូបអាចទទួលបាន និងចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ក៏ជាបញ្ហាប្រឈមមួយដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការបន្តអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានរៀបចំឡើងនៅវិទ្យាល័យទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ «ក្នុងបរិបទសម័យបច្ចេកវិទ្យាទំនើប ដែលយើងហៅថាសម័យបរិវត្តកម្មឌីជីថលនេះ គឺវាទូលំទូលាយខ្លាំងណាស់ចំពោះព័ត៌មាន។ ទាំងព័ត៌មានមិនពិត ទាំងព័ត៌មានក្លែងក្លាយ ទាំងព័តិមានពិត វានៅជាមួយគ្នាដែលយើងពិបាកនៅក្នុងការបែងចែក អាឡូវនេះក្នុងវ័យប្អូនៗប៉ុណ្ណេះគេហៅថាក្រុម Gen C ឬក្រុម Generation C ហើយក្រុម Gen C នេះ គឺជាក្រុមដែលងាយទទួលយកព័ត៌មានទៅតាមបណ្ដាញសង្គមហ្នឹងឯង អត់ដឹងថាអាហ្នឹងពិត ឬមិនពិតទេប៉ុន្តែទទួលយកហើយ។ នេះជាការចែករំលែកព័ត៌មានដែលធើឱ្យគ្រោះថ្នាក់ដល់សង្គម ដោយសារតែអាព័ត៌មានហ្នឹង ដែលយើងស្ដាប់មើលហើយ យើងអានហើយ យើងអត់បានពិចារណា ហើយយើងគិតថាឱ្យតែព័ត៌មានចេញតាមបណ្ដាញសង្គមសុទ្ធតែពិត។ វាមិនមែនពិតទេ អញ្ចឹងការពិត មិនពិត នៅលើការពិចារណារបស់ក្មួយៗ ប្អូនៗ សំខាន់គឺប្រភពព័ត៌មាន ត្រូវចេះមើលប្រភពព័ត៌មាន បើមិនមានប្រភពច្បាស់លាស់ទេកុំចេះរំលែកឱ្យសោះ ហើយត្រូវចាត់ទុកថាជាព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ផ្សាយចេញទៅវាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈចឹងហើយបាននៅពេលនេះ យើងទាំងអស់គ្នាត្រូវរួមគ្នា គ្រប់គ្រងព័ត៌មានឱ្យបាន ហើយត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ។
ក្រៅពីការចូលរួមពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ការអប់រំ និងការណែនាំដល់យុវជន ក៏ជាកត្តាសំខាន់ក្នុងការកសាងពលរដ្ឋឌីជីថលដែលមានការទទួលខុសត្រូវ។
លោកគ្រូ ចាន់ ផា គ្រូបង្រៀននៅវិទ្យាល័យទ្រាល ស្រុកតាំងគោក បានលើកទឹកចិត្តដល់យុវជន ឱ្យមានការប្រុងប្រយ័ត្ន និងពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងចែករំលែក ឬផ្សព្វផ្សាយព័ត៌មានទៅកាន់អ្នកដទៃ និងសាធារណជន។
សម្រាប់យុវជន ការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ មិនមែនជាការទទួលខុសត្រូវរបស់មនុស្សមួយក្រុមណាមួយឡើយ ប៉ុន្តែជាកាតព្វកិច្ច និងការចូលរួមរបស់យុវជនគ្រប់រូប ក្នុងការរក្សាបរិយាកាសព័ត៌មានដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។
យុវសិស្ស ទ្រី លីតា សិស្សថ្នាក់ទី១២ (A) នៃវិទ្យាល័យទ្រាល បានបង្ហាញការប្តេជ្ញាចិត្តថា ក្នុងការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ និងចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ព្រោះនេះជាកាតព្វកិច្ច និងជាទំនួលខុសត្រូវរបស់នាង ក៏ដូចជាយុវជនគ្រប់រូបដែលរស់នៅក្នុងសង្គមបច្ចុប្បន្ន។
ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនអាចសម្រេចបានដោយស្ថាប័ន ឬបុគ្គលណាម្នាក់តែឯងនោះទេ តែវាត្រូវការការចូលរួមពីអ្នកប្រើប្រាស់ព័ត៌មានគ្រប់រូប ជាពិសេសយុវជន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម។
សូមចងចាំថា មុននឹងជឿ មុននឹងចែករំលែក ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ ត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។ សរសេរអត្ថបទដោយ សូរហ៊ាន សំអាង














![]()
