ផ្ទះចំនួន ៣៥ខ្នងថ្មីទៀត អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចាប់ឆ្នោតប្រគល់ជូនអតីតយុទ្ធជន គ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ ឬរស់នៅលើដីសាធារណៈ។ ដែលពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ដែលដែលមានចំនួន ៦,៧៤១នាក់ និងការរៀបចំដីសម្បទានសង្គមកិច្ច ព្រមទាំងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ដែលជាអំណោយដីថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចំនួន ៥៤៧ខ្នងផ្ទះ រួចមកហើយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ក្នុងនោះបានសាងសង់នៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ៣០៦ខ្នងផ្ទះ និងសាងសង់នៅលើដីសម្បទានសង្គមកិច្ច លើកទី១ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២១ ចំនួន ១៤១ខ្នងផ្ទះ ដោយបានផ្ដល់ជូនដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារ ចំនួន មួយហិកតាកន្លះ ។ លើកទី២ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២៤ ចំនួន ៦៥ខ្នងផ្ទះ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ចជូន ក្នុងមួយគ្រួសារចំនួនមួយហិកតា និងលើកទី៣ ចំនួន ៣៥ខ្នងផ្ទះ ដោយបានផ្ដល់ជូនដីលំនៅឋានក្នុងមួយ មួយគ្រួសារចំនួន ១២៥០ម៉ែត្រការ៉េ និងបានស្នើសុំឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីសម្រាប់ដាំដំណាំកសិកម្មជូនដល់បងប្អូនចំនួន ៣៥គ្រួសារ ដោយក្នុងមួយគ្រួសារចំនួនមួយហិកតាបន្ថែមទៀត ជូនបងប្អូនអតីតយុទ្ធជនដែលបានអញ្ជើញមកចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។
ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុសន្តិភាព និងចំពោះជាតិមាតុភូមិ ។ ជាមួយនោះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងពុះពារនូវរាល់ការលំបាកផ្សេងៗ ដើម្បីបម្រើដល់ក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ បានល្អប្រសើរ និងបានណែនាំដល់នាយករដ្ឋបាលខេត្ត សហការជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដេីម្បីកែសម្រួលបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ដេីម្បីចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនដែលទេីបបង្កេីនថ្មី ។
ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ក្នុងការមករស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅពេលនេះ ។ ជាមួយនេះដែរ ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។ បន្ទាប់មក បងប្អូនអតីតយុទ្ធជនដែលមានការខ្វះខាតទាំង ៣៥គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារទទួលបានដីទំហំក្បាល ២៥ម៉ែត្រ គុណនិង ៥០ម៉ែត្រ ផ្ទះថ្មីមួយខ្នង និងបង្គន់អនាម័យមួយខ្នង ព្រមទាំងបានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ










![]()
