ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់ក្របៅ
(កំពង់ធំ)÷ លោកជំទាវ យស ថានារី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ធំ និងលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ (ហៅកាត់គ.ក.ស.ក) បានដឹកនាំក្រុមការងាររួមមាន លោកជំទាវអនុប្រធាន គ.ក.ស.កខេត្ត លោកស្រីអនុប្រធានអចិន្រៃយ៍គ.ក.ស.កខេត្ត និងសមាជិក លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីមេបញ្ជាការរកងរាជអាវុធហត្ថខេត្ត លោកស្រីអនុប្រធាន គ.ក.ស
កក្រុង/សង្កាត់ និងភូមិ លោកស្រីប្រធានអង្គការប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់(HOM) បានចុះសួរសុខទុក និងចែកអំណោយជូនដល់គ្រួសារក្រីក្រខ្វះខាតចំនួន៣គ្រួសារ នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។
លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ បានមានប្រសាសន៍ថាជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះផងដែរលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ ថ្លែងថាជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ស្រ្តី និងកុមារដែរទីទ័លក្រ ដែលរស់នៅក្នុងខេត្តកំពង់ធំផងដែរ។ ជាមួយនោះដែរ លោកជំទាវ និងក្រុមការងារទាំងអស់ បាននាំយកឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិការមួយចំនួនមកជួយពួកគាត់ឱ្យបានទាន់ពេលវេលា។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះលោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់គ្រួសារដែលមានជីវភាពលំបាកខ្វះខាតឱ្យបានលឿននឹងទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារមានឈ្មោះ÷ ១-កុមារាឈ្មោះ គី លីហេង ភេទប្រុស អាយុ១៧ឆ្នាំ ពិការតាំងពីកំណើត។
២-លោក ហ៊ាន សិទ្ឋិ អាយុ ៣៤ឆ្នាំ ពិការជើងខាងស្ដាំ ពោះម៉ាយមានកូនប្រុស១នាក់។ ៣-លោក ឡូយ សេន ភេទប្រុសអាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាប់ ភា អាយុ៥៦ឆ្នាំ។ សម្ភារដែលប្រគល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ ត្រីខ១យួរ ក្រមា១ សារុង១ សាប៊ូម្សៅ១កញ្ចប់ ថវិកាលោកជំទាវ យស ថានារី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ធំ១០០,០០០រៀល និងថវិកាគ.ក.ស.កខេត្ដ ចំនួន២០០,០០០រៀល សរុបថវិកាចំនួន ៣០០,០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី












![]()
