អភិបាលខេត្តកំពង់ធំ បានស្នើដល់អង្គការសង្គមទាំងអស់ ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្នើដល់អង្គការសង្គមទាំងអស់ ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការធានានូវនីត្យានុកូលភាពនៃការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្រោមក្របខណ្ឌនីតិរដ្ឋ និងចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈរបស់សង្គមជាតិ ។
ប្រសាសន៍នេះ ត្រូវបានលើកឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងសហគមន៍នានាក្នុងមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តមបន្ថែមទៀតថា វេទិកានេះ គឺជាថ្នាលមួយដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនៈ យោបល់គ្នាទៅវិញទៅមកលើកិច្ចការសំខាន់ៗ សំដៅជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាព នៃអង្គការសង្គមស៊ីវិល ក៏ដូចជាពិនិត្យអំពីវឌ្ឍនាភាព ចែករំលែកបទពិសោធល្អៗ ដែលបានពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការប្រមូលសំណើ និងសំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ។
ឯកឧត្តម នួន ផារ័ត្ន បានស្នើដល់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់សម្របសម្រួល ផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលតាមគ្រប់រូបភាពដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ក្នុងការសកម្មភាពនៅខេត្តកំពង់ធំ។