ព្រះទេពសត្ថា សៀង សុខ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា របស់សាលាអនុគណក្រុង-ស្រុក ព្រមទាំងពង្រឹងពុទ្ធិកសិក្សា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥
(កំពង់ធំ)÷ រសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា របស់សាលាអនុគណក្រុង-ស្រុក ព្រមទាំងពង្រឹងពុទ្ធិកសិក្សា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដែលសមាសភាព និមន្តចូលរួមមានព្រះមន្រ្តីសង្ឃខេត្ត គ្រប់ឋានុក្រម ព្រះអនុគណ សហការី ស្ថិតនៅសាលាគណខេត្តកំពង់ធំ ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា ដើម្បីព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់នៅតាមក្រុង/ស្រុក ពិសេសគឺនៅតាមវត្តអារាមនាពេលខាងមុខនេះ នឹងមានពិធីបុណ្យចូលព្រះវស្សា ព្រះមន្ត្រីសង្ឃនាំគ្នាធ្វើឧបោសថកម្មក្នុងមួយខែឱ្យបានពីរដង ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលកើតមានឡើងតាំងពីយូរឆ្នាំមកហើយ។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីកាបន្ថែមទៀតថា សម្រាប់សកម្មភាពក្នុងខែមិថុនានេះក៏រកឃើញនៅបញ្ហាប្រឈមមួយចំនួនគឺ ការសិក្សារៀនសូត្ររបស់ព្រះសង្ឃនៅតាមវត្តអារាមមួយចំនួន ត្រូវពង្រឹងឡើងវិញដល់មន្ត្រីសង្ឃដែលទទួលបន្ទុកពុទ្ធិក្សសិក្សាតាមដានការសិក្សារៀនសូត្ររបស់ព្រះសង្ឃទូទាំងខេត្តកំពង់ធំ។ ការកែលំអបរិស្ថាននៅតាមវត្តមួយចំនួនពុំទាន់មានភាពស្រស់ស្អាត ពីព្រោះជិតដល់រដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ សូមឱ្យតាមវត្តនីមួយៗ ពេលល្ងាចសូមនាំព្រះសង្ឃសូត្រធម៌ ដើម្បីរំលឹកដល់ព្រះពុទ្ធសាសនា និងដាស់តឿនបន្ថែម ដល់ពុទ្ធបរិស័ទឱ្យមកចូលរួមគោរពព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។