កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ខេត្តកំពង់ធំ
(កំពង់ធំ)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកកិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមអធិបតីភាព លោកស្រី សុិន សុីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក ស្ថាប័ន អង្គការ និងអង្គភាពពាក់ព័ន្ធផងដែរ។
លោកស្រី សុិន សុីផាន មានប្រសាសន៍ថាក្នុងរយៈពេល ០៦ខែ (មករា-មិថុនា) ឆមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការ និង លេខាធិការដ្ឋាន គ.ខ.ប.ជ និងក្រុមការងារទាំង៦ ដែលជាសេនាធិការបានខិតខំអនុវត្តតួនាទី ភារកិច្ច ដោយទទួលបាន លទ្ធផលគួរជាទីមោទនៈ ចំណែកអង្គការដៃគូក៏បានចូលរួមក្នុងការ សហការយ៉ាងសកម្ម ដើម្បីរួមចំណែកអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជា ពិសេសបង្ក្រាបជនល្មើស និងជួយសមាហរណកម្មជនរងគ្រោះ និងនាំជនរងគ្រោះឱ្យគេចផុត ពីអំពើជួញដូរមនុស្សផងដែរ ។
លោកស្រី ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការពាក់ព័ន្ធនានា ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖ មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។ល។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយសារតែមានជនខិលខូចបានធ្វើសកម្មភាពជួញដូរមនុស្សដោយនាំយកជនបរទេស មក ជ្រកកោណ និងធ្វើជាអាជីវកម្ម ជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា កន្លងមកធ្លាប់តែមានជន ខិលខូចបាននាំយកជនរងគ្រោះពីប្រទេសកម្ពុជា ហើយជួញដូរនៅក្រៅប្រទេស ដូច្នេះហើយបានជាយើងត្រូវតែមានការចូលរួមសហការ និងបង្ក្រាបជនខិលខូច ប្រភេទនេះអោយបាន ដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅប្រទេសកម្ពុជា ។
អត្ថបទនិងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។