ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យភូមិសាស្ត្រ និងជួបសំណេះសំណាលសួរសុខទុក្ខទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរសោម ដែនជម្រកសត្វព្រៃ ព្រៃឡង់
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល នៅតំបន់អូរសោម និងពិនិត្យភូមិសាស្ត្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ឯក ឡុង យេ មេបញ្ជាការរង ផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរសោម ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បានរាយការណ៍បញ្ជាក់ថា បច្ចុប្បន្ននេះ ការកាប់ទន្ទ្រានព្រៃយកដីធ្វើចំការ ជាកម្មសិទ្ធិ មិនមានកើតឡើងទៀតទេ ហើយផ្ទៃដីមួយចំនួនដែលបានលួចកាប់ទន្ទ្រាននៅបណ្ដាឆ្នាំកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះយាមល្បាតជាប្រចាំ ការពារមិនឱ្យមានការដាំដុះដំណាំអ្វីបានឡើយ ។ បច្ចុប្បន្នដីដែលបានកាប់ទន្ទ្រានកន្លងមក ត្រូវបានព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ មិនថាភ្លៀង ផ្គរ ក្តៅ ត្រជាក់ ផ្លូវលំបាកក្នុងការធ្វើដំណើរ មធ្យោបាយធ្វើដំណើរក្នុងការធ្វើសកម្មភាពមិនគ្រប់គ្រាន់ និងប្រឈមមុខជាមួយជនល្មើសមួយចំនួន។ តែយើងពុះពារ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលប្រព្រឹត្តខុសច្បាប់ក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំនិងប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវខិតខំបន្តបំពេញភារកិច្ច ក្នុងការការពារទប់ស្កាត់និងបង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ មិនឱ្យកើតមានឡើងវិញបានជាដាច់ខាត ។ ជនណានៅតែបំពាន ប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលកម្លាំងចម្រុះយើង ក្នុងនោះមានស្ថាប័នជំនាញបរិស្ថានកំពុងការពារនៅទីបញ្ជាការស្រាលនេះ ត្រូវចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។