ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីទៀត កំពុងដំណើរការសាងសង់ ត្រៀមប្រគល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ខ្នងបន្ថែមទៀត អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ដើម្បីត្រៀមផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ នៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បាននិងកំពុងដំណើរការសាងសង់ផ្ទះចំនួន ២៤១ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដោយចែកចេញជាបីដំណាក់កាលគឺ៖
ដំណាក់កាលទី១ បានដំណើរការសាងសង់នៅខែឧសភា ឆ្នាំ ២០២១ បានចំនួន ១៤១ ខ្នងផ្ទះ និងប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ ។ ដំណាក់កាលទី២ បានដំណើរការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០២៥ នឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិកតា និងដំណាក់កាលទី៣ ដែលកំពុងដំណើរការសាងសង់នេះ គឺចាប់ពីខែឧសភា ឆ្នាំ២០២៦មក មានចំនួន ៣៥ខ្នងផ្ទះ ដោយបានផ្តល់ដីលំនៅឋានទំហំ ១២០០ម៉ែត្រការ៉េ និងគ្រោងរៀបចំដីសម្រាប់បង្ករបង្កើនផលដោយឡែក ជូនគាត់បន្ថែមទៀតផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងចំនួនអតីតយុទ្ធជន ១០០គ្រួសារ ក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣នេះ មិនទាន់បានដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យបានល្អនៅឡើយទេ ដោយខែវស្សាត្រូវទឹកជន់លិចលំបាកដល់បងប្អូនក្នុងការធ្វើដំណើរ ហើយដំណាំមួយចំនួន ដែលបងប្អូនបានដាំដុះរួចហេីយ ក៏ត្រូវបានទឹកលិចលង់ខូចខាតផងដែរ ។
ដោយឡែកបច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានដំណើរការបុកអណ្ដូងទឹកស្អាតចំនួន ១៣ អណ្ដូង សម្រាប់ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនបានប្រើប្រាស់រួចមកហើយ និងកំពង់ស្នើសុំបុកអណ្ដូងទឹកស្អាតចំនួន ២៥ អណ្ដូងបន្ថែមទៀត សម្រាប់ធានាការប្រើប្រាស់ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលនឹងត្រូវមករស់នៅថ្មីបន្ថែមទៀតនៅពេលខាងមុខ។
បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយកាលលំបាកគ្រប់បែបយ៉ាងជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។








![]()
