រដូវបិទឡូនេសាទ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរសេនីយ៍ទោ គិត ចាន់នាយរងសេនាធិការនៃទីបញ្ជាការស្រាលឈរជើងនៅចំណុចព្រែកធ្លក (យោធភូមិភាគទី ៤) បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចជ្រោយតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥។
កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងនោះលទ្ធផលអនុវត្តបាន០២ករណី
បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹក០៧របាំងប្រវែង១០៥០ម៉ែត្រ របាំងស្បៃមុងចំនួន២១របាំងប្រវែង១០៥០ម៉ែត្រ ឡុកចំនួន៥៦គ្រឿង លប/លូចំនួន៥៦មាត់ បង្គោលចំនួន១៤៥០ដើម និងចាក់ព្រលែងកូនត្រីទំងន់១០គីឡូក្រាមចូលទន្លេវិញ។
ចំពោះសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោក អនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង
ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ខ្វែងសណ្ដាន់ រហូតដល់ ខ្វែងតាសូ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាលទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែង រួមមាន÷ របាំងស្បៃមុងចំនួន១៦ របាំងប្រវែង៦៤០មែ៉ត្រ ឡុកស្បៃមុងចំនួន១៦គ្រឿង
លូ ស្បៃមុងចំនួន៣២មាត់ បង្គោលឈើចំនួន៧៥០ ដើម។
ចំណែកឯសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក បានចុះល្បាតដីតំបន់៣ នៅចំណុចបឹងផ្ទោល.កោះតាកែវ អូសទូកនិងបឹងពពាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រឡៅ ស្រុកតាំងគោក ជាក់ស្តែងក្រុមការងារពុំប្រទះឃើញមានបទល្មើសអ្វីគួរកត់សម្គាល់នៅទីនោះទេ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ -ពិនិត្យដោយអ៊ុមញឹប។