ឧត្ដមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លំាងចម្រុះការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងឧបត្ថម្ភអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនទីបញ្ជាការស្រាលចំនួន ៦ ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ នឹងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលចំនួន៦ ដែលកំពុងបំពេញបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរដល់ទីបញ្ជាការស្រាលទាំង៦ គោលដៅ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីធ្វើជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាបានឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីស្រុកឃុំ ភូមិត្រូវខិតខំអប់រំប្រជាពលរដ្ឋ កុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីការដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហាប្រឈមចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រងឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋបានទៀតជាដាច់ខាត។ ក្នុងករណីមេខ្លោងឬជនល្មើសនៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៦គោលដៅ ដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ព្រៃឡង់ ភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។