លោកស្រី លំ គន្ធារី បាននាំយកអំណោយមនុស្សធម៌ និងថវិកាទៅឧបត្ថម្ភគ្រួសារសពលង់ទឹកក្នុងរណ្តៅអាអិចស្លាប់២នាក់ នៅឃុំក្តីដូង
(កំពង់ធំ)÷ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារឃុំក្តីដូង បាននាំយកអំណោយមនុស្សធម៌ និងថវិកាទៅឧបត្ថម្ភគ្រួសារសពលង់ទឹកក្នុងរណ្តៅអាអិចស្លាប់២នាក់ នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរលោកស្រី លំ គន្ធារី បានថ្លែងនូវការសោកស្ដាយ និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារនៃសព ដែលមរណភាពដោយ លង់ទឹកក្នុងរណ្តៅអាអិចស្លាប់២នាក់ ហើយគ្រួសារសពត្រូវតែតាំងចិត្តឱ្យបានរឹងមាំ ដើម្បីចិញ្ចឹមកូនដែលនៅតូចៗ ឱ្យពួកគាត់បានចូលរៀនដូចកុមារដទៃទៀតដែរ។ បួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធកុមារឈ្មោះ រ៉ុង ខេមរិន្ទ ភេទប្រុសអាយុ០៨ឆ្នាំ និងកុមារឈ្មោះ រិទ្ធ ម៉េងហៀង ភេទប្រុសអាយុ០៨ឆ្នាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងដំណើរបេសកកម្មនាថ្ងៃនេះផងដែរលោកស្រីអភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ និងណែនាំដល់ឪពុកម្ដាយ និងអាណាព្យាបាលសូមកុំឱ្យកុមារតូចៗកុំលេងទឹកស្រះអាចបណ្ដាលឱ្យបាត់បង់ជីវិតដូចកុមារ២នាក់នេះ សូមខិតខំប្រកបរបររកស៊ីប្រចាំថ្ងៃ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) សម្រាកក្នុងមុង ដើម្បីចៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលា មិនថាមនុស្សចាស់ឬក្មេងឡើយ។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ និងថវិកាយកទៅប្រគល់ដល់គ្រួសារសព២គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ៣០គីឡូក្រាម ទឹកសុទ្ធ៥កេស និងថវិកាមួយចំនួនទៀតផងដែរ។
តាមរបាយការណ៍របស់លោកមេប៉ុស្តិ៍ក្តីដូង លោក លៀង កែវ បានបញ្ជាក់ថាករណីក្មេងលង់ទឹក២នាក់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤.៣០នាទីនៅវាលស្រែតំបន់ខាងលិចភូមិត្រពាំងទុង និងភូមិក្ដីដូង ឃំុក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជនរងគ្រោះឈ្មោះ
រ៉ុង ខេមរិន្ទ ភេទប្រុសអាយុ០៨ឆ្នាំ ឪពុកឈ្មោះ វ៉ន បូរ៉ុង អាយុ៤៣ឆ្នាំ និងម្ដាយឈ្មោះ សែ អឿន អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ។ ជនរងគ្រោះឈ្មោះ រិទ្ធ ម៉េងហៀង ភេទប្រុសអាយុ០៨ឆ្នាំ ឪពុកឈ្មោះ សុស វណ្ណរិទ្ធ អាយុ៣៧ឆ្នាំ
និងម្ដាយឈ្មោះ ម៉ូវ ស្រៀង អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ។ មូលហេតុដោយសារកុមារទាំង២នាក់នេះ បានចុះលេងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់ពិតប្រាកដមែន ចំពោះសពវិញត្រូវបានប្រគល់ដល់គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។