ឯកឧត្តមឱសថការី បាន បុត្តា បានអញ្ជើញបើកនិងបិទក្នុងកម្មវិធីសំណេះសំណាលផ្សព្វផ្សាយ ក្រមសីលធម៌ឱសការី និងរបាយការណ៍សន្និបាតក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឱសថការី ជិន ប៉ូលីណា ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើនរូប អញ្ជើញក្នុងពិធីសំណេះសំណាលផ្សព្វផ្សាយ ក្រមសីលធម៌ឱសការី និងរបាយការណ៍សន្និបាតក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។
លោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ធំ បានលើកឡើងពីសកម្មភាពសម្រាប់ទិសដៅឆ្នាំ២០២៥នេះ ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល មន្ទីរសុខាភិបាលមានអង្គភាពប្រតិបត្តិចំនួន៤ គឺ៖ ១-មន្ទីរពេទ្យខេត្តកំពង់ធំ។ ២-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ (ដែលគ្របដណ្តប់ មណ្ឌលសុខភាពចំនួន២៣)។ ៣-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៏ សន្ទុក (ដែលគ្របដណ្តប់ មន្ទីរពេទ្យបង្អែក១ និង មណ្ឌលសុខភាពចំនួន ២២ ព្រមទាំងប៉ុស្តិ៍សុខភាពចំនួន៣)។ ៤-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង (ដែលគ្របដណ្តប់ មន្ទីរពេទ្យបង្អែក១ និងមណ្ឌលសុខ ភាពចំនួន១១ ព្រមទាំងប៉ុស្តិ៍សុខភាពចំនួន២)។ សម្រាប់ខេត្តកំពង់ធំមាន ប្រភេទសេវាឱសថស្ថាន, ឱសថស្ថានរង(ក), ឱសថស្ថានរង(ខ) និងឱសថបុរាណ សរុបចំនួន១០៥កន្លែង ក្នុងនោះមាន៖ ប្រភេទសេវាឱសថស្ថានចំនួន៨៩កន្លែង, ឱសថស្ថានរង(ក)ចំនួន១០កន្លែង, ឱសថស្ថានរង (ខ) ចំនួន៥កន្លែង, និង សេវាឱសថបុរាណចំនួន០១កន្លែង។
ឯកឧត្តម បាន បុត្តា បានថ្លែងនៅក្នុងកម្មវិធីនេះថា អ្នកប្រកបវិជ្ជាជីវៈសំដៅដល់ឱសថការី គ្រូពេទ្យ ទន្តពេទ្យ ឆ្មប និងគិលានុបដ្ឋាក ត្រូវតែចុះ បញ្ជីកាជាមួយគណៈវិជ្ជាជីវៈ សុខាភិបាលរបស់ខ្លួនរៀងៗខ្លួន ហើយដាច់ខាត ត្រូវតែគោរព និងអនុវត្តតាមលិខិតប្រកាស សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់នានា របស់ក្រសួងសុខាភិបាល ដូចជាច្បាប់ស្តីពីការគ្រប់គ្រងឱសថ ច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ឱសថការី ដែនកំណត់វិជ្ជាជីវៈឱសថការី និងនិយាមវិជ្ជាជីវៈឱសថការី។ ដើម្បីចូលរួមចំណែកផ្តល់ការថែទាំ និងផ្តល់សេវាឱសថសាស្ត្រប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជូនដល់ប្រជាជនកម្ពុជាឱ្យត្រឹមត្រូវ ។
ឆ្លៀតឱកាសក្នុងពិធីនោះដែរ ឯកឧត្តមឱសថការី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សមាជិកទាំងអស់ត្រូវបន្តការស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនដោយចូលរួមវគ្គបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្តដើម្បីស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណឱសថការី សម្រាប់ការប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមច្បាប់មានជាធរមាន ត្រូវមានឥរិយាបទល្អ ថ្លៃថ្នូរ ត្រូវចូលរួមថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ និងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅតាមកម្មវីធីបានគ្រោងទុក។
ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានផ្ដាំផ្ញើដល់ឱសថការីដែលបានបើកឱសថស្ថាននានា នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចំពោះឱសថការីណាពុំទាន់មានអាជ្ញាប័ណ្ណ ត្រូវធ្វើអាជ្ញាប័ណ្ណព្រមទាំងរួមគ្នាលុបបំបាត់នៅឱសថក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទិញ និងអ្នកយកទៅប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។