មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ នៅថ្ងៃទី២២ ខែឧមសភា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមាន មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកប្រាសាទសំបូរ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមសិប្បកម្មស្រ្តីតម្បាញឬស្សី រំពាក់ ផ្តៅ និងប្រជាពលរដ្ឋ ក្នុងឃុំសំបូរណ៍ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅរោងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្ថិតក្នុងភូមិអូរគ្រូកែ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ៦០នាក់ ស្រី៤៨នាក់ ។
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលជាទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។
លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។
ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនិងជំរុញឲ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ 18ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ។
លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ពិសេសជាងនេះទៅទៀតលោកស្រីក៍បានលើកទឹកចិត្តឲ្យស្រ្តីចេះថែទាំសុខភាពឲ្យបានល្អមានអនាម័យនិងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់រាលខែ ពីព្រោះសុខភាពជាចម្បងសម្រាប់យើងម្នាក់ៗ។ វគ្គអប់រំផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោង បានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើង។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។