រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំគម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្តម រស់ សោភាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងមន្ទីរវិទ្យាស្ថានស្តង់ដាកម្ពុជា និងមន្ទីរពាក់ព័ន្ធ។
គម្រោងនេះ មានគោលបំណងប្រែក្លាយម្ហូបអាហារនៅតាមដងផ្លូវក្នុងខេត្តកំពង់ធំ ឱ្យមានរបៀបរៀបរយ តាមរយៈការរៀបចំយន្តការគ្រប់គ្រងអាជីវកម្មអាហារដងផ្លូវ ឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព គុណភាព ប្រកបដោយអនាម័យ មានភាពច្នៃប្រឌិត និងសោភ័ណភាព សំដៅបង្កើនភាពទាក់ទាញជូនដល់ទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្តក្នុងខេត្តកំពង់ធំ។
សូមជម្រាបផងដែរថា គម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំនេះ គឺជាការគាំទ្ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំ ហើយគម្រោងនេះ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ.ពីនិត្យដោយអ៊ុមញឹប។