អភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការវិនិយោគឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងជាអាទិភាពរបស់ប្រជាពលរដ្ឋ
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងវិនិយោគឃុំឆ្នាំ២០២៥ នៅសាលាឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងឱកាសនេះ លោកបានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើផែនការវិនិយោគរបស់ឃុំឱ្យឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែងនិងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចគ្រួសារផងដែរ ជាពិសេសស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរឃុំព្រះដំរីត្រូវធ្វើការផ្សព្វផ្សាយឱ្យ បានធំទូលាយនូវគម្រោងកសាងផ្លូវថ្មីនេះដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ឃុំក៏ដូចជារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសហការព្រមទាំងធ្វើការបើកផ្លូវនេះទៅតាមច្បាប់ភូមិបាលដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ ការថែទាំព្រមទាំងធ្វើផ្លូវបានប្រកបដោយគុណភាពតាមបទដ្ឋានបច្ចេកទេសសំណង់និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះលោក អភិបាលស្រុក បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដែលជាអ្នកទទួលការ ត្រូវខិតខំធ្វើផ្លូវនេះប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសហើយធានានូវការប្រើប្រាស់បានយូរអង្វែង គោរពនូវកិច្ចសន្យានិងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ជាក់ស្ដែង ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះ លោកក៏បានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ គឺមានភាពប្រាកដប្រជានិងច្បាស់លាស់ ក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាពក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុននិងអ្នកម៉ៅការដើម្បីធានាបាននូវការគោរពតាមកិច្ចសន្យានិងធានានូវគុណភាពផងដែរ។
សូមបញ្ជាក់ថាផ្លូវដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង ២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់គ្រួសក្រហម០,១៥ម៉ែត្រ លូ៧កន្លែង ស្លាកសញ្ញាគម្រោង១ផ្ទាំង និងតម្លៃដាក់ឱ្យដេញថ្លៃគឺ ២៣៨,៩០៦,៥២៣រៀល ហើយ ក្រុមហ៊ុន ឡូវ សេងហៀង ដែលជាអ្នកដេញថ្លៃឈ្នះទទួលបានសិទិ្ធសាងសង់។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអុ៊មញឹប។