ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនកងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៨០ ទិវាកំណេីតនគរបាលជាតិកម្ពុជា ដែលគូសបញ្ជាក់ជូនអំពីការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដ៏ទំនើប ដើម្បីបម្រើសកម្មភាពនានាក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងកាល:ទេស: ដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលេីគ្រប់វស័យ ព្រមជាមួយនោះក៏បានគូសបញ្ជាក់អំពីការប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិចាស់នៅពោធិចិនតុង ដែលត្រូវទុកជាសម្បត្តិរដ្ឋ មិនមានការដោះដូរសម្រាប់វិស័យឯកជនណាមួយឡើយ ហើយទុកសម្រាប់បម្រើជាប្រយោជន៍របស់ប្រជាជនទូទៅ ពិសេសប្រជាជននៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល មិនដូចពួកជនអគតិមួយចំនួន និងក្រុមប្រឆាំង ដែលបាននិងកំពុងបំផុសបំផុលខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទិ៍ យោធិនគ្រប់រូបត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា និងព្រះមហាក្សត្រ ដោយត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹកដី ថែរក្សាឲ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម ដោយមិនត្រូវឲ្យមានការកេីនឡេីងវិញនូវបទល្មេីសព្រៃឈើ និងបទល្មើសនេសាទ ជាថ្មីទៀតឡើយ នឹងត្រូវបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ អត្ថបទសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។