សមាជិកព្រឹទ្ធសភានាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តឥន្ទ្រីសំវរ: ហៅវត្តកំពង់ធំ
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមការងារព្រមទាំងពុទ្ធបរិស័ទបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តឥន្ទ្រីសំវរ: ហៅវត្តកំពង់ធំថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០២៦។
នាឱកាសនោះជំទាវបានឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន វីរៈកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកជំទាវបានឲ្យដឹងថាសកម្មភាពនេះចង់បង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយនិងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយ បានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ក្នុងនោះ ក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លា តែងតែជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយ បានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
លោកជំទាវ ឃួន ឃុនឌី អំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។












![]()
