សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា លោក កែវ ផល នាយកសាខា និងមន្ត្រីក្រុមប្រតិបត្តិ បានចុះសួរសុខទុក្ខ វីរកងទ័ព សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។
លោកជំទាវ លំ គន្ធារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល ដែលត្រូវបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។ លោកជំទាវ ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។
ក្នុងឱកាសនោះលោកជំទាវ បានសំណូមពរវីរយុទ្ធជនយើង ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ។
សូមបញ្ជាក់ផងដែរសម្រាប់ថវិកាផ្តល់ជូនដល់យុវជនកងទ័ព១៤នាក់ ក្នុង១នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។












![]()
