លោក ឡង គីសឹង អញ្ជើញបើកកម្មវិធីនេសាទត្រីសហគមន៍ឃុំទីពោ ជាទំនៀមទម្លាប់តាំងពីបុរាណកាល
(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងអាជ្ញាធររដ្ឋបាលឃុំទីពោ បានបើកកម្មវិធីនេសាទត្រីសហគមន៍ប្រចាំឃុំទីពោ នៅបឹងសហគមន៍ពោរ៍ ដែលតែងតែគោរពធ្វើជារៀងរាល់ឆ្នាំនិងមានបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឌានចូលនេសាទយ៉ាងច្រើនកុះករនិងសប្បាយរីចរាយ ដោយប្រើឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ទ្រូ អួន ជាដើម ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកអភិបាលស្រុកសន្ទុក បានលើកឡើងបន្តទៀតថា ជារៀងរាល់ឆ្នាំនៅខែមករា បងប្អូនប្រជាពលរដ្ឋ នាំគ្នានេសាទត្រីនៅក្នុងបឹងសហគមន៍ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក។ នេះជាហេតុដែលធ្វើ បងប្អូនប្រជានេសាទទាំងអស់ចូលរួមថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិឱ្យបានគង់វង្ស និងរក្សានៅប្រពៃណីទំនៀមទម្លាប់ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់បានដឹងពីនេសាទត្រីជាលក្ខណៈគ្រួសារ នៅក្នុងសហគមន៍នេះ។
នៅក្នុងឱកាសនោះលោកមេឃុំទីពោ បានអំពាវនាវដល់បងប្អូនចូលរួមឱ្យបានច្រើនក្នុងថ្ងៃបើកនេសាទនិងណែនាំឱ្យបងប្អូនក្នុងមូលដ្ឌានចូលរួមថែរក្សាការពារបឹងសហគមន៍ ទុកដើម្បីឱ្យមច្ឆាពងកូនបន្តពូជ ទៅថ្ងៃអនាគត់និងមិនអនុញ្ញាតិឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។
លោកបានបន្តទៀតថា កម្មវិធីនេសាទត្រីលក្ខណៈសហគមន៍នេះជារៀងរាលឆ្នាំតទៅថ្ងៃមុខទៀត និងសូមសំណូមពរដល់ថ្នាក់ដឹកនាំឬអង្គការដៃគូអភិវឌ្ឍនានាសូមជួយឧបត្ថម្ភ និងគាំទ្រសហគមន៍ដែលបង្កើតឡើងដោយប្រជាពលរដ្ឋនៅក្នុងឃុំទីពោ ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្ស និងបន្តពូជឱ្យបានច្រើននៅក្នុងបឹងសហគមន៍ ។ អត្ថបទរដ្ឋបាលស្រុកសន្ទុក-ពិនិត្យដោយអ៊ុមញឹប។