បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកអនុសេនីយ៍ឯក សេង មករា នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីការគ្រប់គ្រងកម្លាំង ទាំងបរិមាណ និងគុណភាព ដោយឆ្លុះបញ្ចាំងក្នុងការអនុវត្តជាក់ស្ដែងតាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ជាមួយខ្ញុំដែរ ក៏បានបញ្ជាក់ជូនអំពីការរៀនសូត្រ អប់រំចិត្តសាស្ត្រ និងការអនុវត្តតាមសេចក្តីណែនាំលេខ០០៣ /២០២០ ស.ណ.ន របស់ក្រសួងការពារជាតិ ស្តីពីវិធានការពង្រឹងការអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់ ខ.ភ.ម រួមទាំងលំហាត់របៀប ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលអនុវត្តបានល្អតាមតួនាទីភារកិច្ច -លក្ខន្តិកៈ- ច្បាប់ និង បទវិន័យទូទៅរបស់កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងការអនុវត្តបានល្អតាមសេចក្តីណែនាំលេខ ០០៣ /២០២០ របស់ក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាលកងឯកភាព នាយការិយាល័យស្ថាប័នចំណុះ និងយោធិនគ្រប់រូប ត្រូវ:
ទីមួយ ប្តេជ្ញាចិត្តដាច់ខាត ការពារជាតិសាសនាព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដែលបច្ចុប្បន្ននេះដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទីពីរ ត្រូវរៀនសូត្រ អប់រំចិត្តសាស្ត្រ ពង្រឹងសតិអារម្មណ៍ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនគ្រប់រូប ឲ្យបានជាប់ជាប្រចាំ។
ទីបី យោធិនគ្រប់រូបត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមលក្ខន្តិក: ច្បាប់ និងបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ ចំពោះយោធិន ដែលប្រព្រឹត្តខុសឆ្គងត្រូវធ្វើការអប់រំ ព្រមាន ឬដាក់វិន័យតាមច្បាប់ និងលក្ខន្តិក: របស់កងយោធពលខេមរភូមិន្ទ។ ក្នុងករណីមិនរៀងចាល ត្រូវរាយការណ៍និងស្នើសុំទៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមឋានានុក្រម ដើម្បីលប់ឈ្មោះចេញពីបញ្ជីកងយោធពលខេមរភូមិន្ទ ឬត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពការិយាល័យ និងស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត អនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។