អភិបាលស្រុកស្ទោង អញ្ជើញបិទពិធីប្រឡងចម្រៀងអបអរសាទរខួបលើកទី ៤៦ទិវាជ័យជំនះ ៧មករា
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រឡងចម្រៀង បុរាណសម័យ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩- ៧ មករា២០២៥)នៅផ្សារមរតកស្រុកស្ទោង នារាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់ប្រជាពលរដ្ឋពុកម៉ែបងប្អូនមន្ត្រីរាជការ និងបេក្ខជន បេក្ខនារី អាជីវករ នៅក្នុងមូលដ្ឋាននាឱកាសនោះលោកបានបញ្ជាក់បន្ថែមថា ពិធីដ៏មហោឡារិកនេះ លើសពីការអបអរសាទរទិវាជ័យជំនះលើរបបអាវខ្មៅយង់ឃ្នងដែលសម្ដេចតេជោហ៊ុន សែន បានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីប្ដូរយកនូវសុខសន្តិភាពមកជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះគឺ ការបង្កលក្ខណៈកម្សាន្តសប្បាយ ជួបជុំរីករាយរបស់ពុកម៉ែបងប្អូននៅក្នុងស្រុកស្ទោយនិងជិតឆ្ងាយផងដែរ។
លោកបានបន្តថាការប្រឡងចម្រៀងបុរាណសម័យនៅក្នុងពេលនេះគឺជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដែលអាជ្ញាធរនិងរដ្ឋបាលស្រុកស្ទោងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីថែរក្សានូវវប្បធម៌ព្រមទាំង ទម្លាប់ដែលតែងធ្វើឡើងហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុក វិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង ដែលបានសហការនិងផ្ដល់ទីតាំងសម្រាប់ប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើងផងដែរ។
ទន្ទឹមនឹងនេះ លោកបានកោតសរសើរនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំងបីនិងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអនុគណៈកម្មការទាំងអស់និងសហការីដែលបាន អនុវត្តសហការ ក៏ដូចដែលបានចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីទាំងបីរាត្រីប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់បំផុត។
ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលសូមបន្តថែរក្សាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាឱ្យខាងតែបានដើម្បីមានឱកាសអភិវឌ្ឍន៍និងកសាងមូលដ្ឋានប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ទទួលបាននូវ បណ្ណសរសើរ១ទឹកប្រាក់៦០០,០០០រៀលព្រមទាំងកាដូ១។ ម្ចាស់ជ័យលាភីលេខ២គឺទទួលបាននូវ បណ្ណសរសើរ១ទឹកប្រាក់៥០០,០០០រៀលព្រមទាំងកាដូ១។ ម្ចាស់ជ័លាភីលេខ៣ទទួលបាននូវ បណ្ណសរសើរ១ទឹកប្រាក់៤០០,០០០រៀលព្រមទាំងកាដូ១ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។