លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៣៣នាក់
(កំពង់ធំ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៣៣នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកស្រីវរ:សេនីយ៍ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ទាំង៩ មេបញ្ជាការកងអនុសេនាធំចល័តសមាសភាពចូលរួមចំនួន៨៣នាក់(នារី០៦នាក់)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ដែលទើបទទួល បានការតែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មី និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទី/ភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ សមតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ជូននូវតួនាទី និងឋានន្តរស័កនៅពេលនេះ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម គោរពវិន័យ បទបញ្ជារបស់ថ្នាក់លើ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថាត្រូវខិតខំចូលរួមសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំមូល ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមភូមិឃុំស្រុករបស់ខ្លួន ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឆ្លៀតផ្សព្វផ្សាយបន្ថែមទៀតនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថខេត្តកំពង់ធំគ្រប់រូបឲ្យកាន់តែបានជ្រាបច្បាស់អំពីបទបញ្ជាដែលបានដាក់ចេញ គាំទ្រនិងគោរពអនុវត្តន៍តាមបទបញ្ជានេះឱ្យខាងតែបាន។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ ពិនិត្យដោយអ៊ុមញឹប។