ព្រះអង្គ នី សុវណ្ណមុន្នីរ៉េត អំពាវនាវដល់សិស្សានុសិស្ស យុវជនត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍប្រទេសជាតិ
(កំពង់ធំ)÷ ព្រះអង្គបានមានសង្ឃដីការដូច្នេះក្នុងឱកាសដែលព្រះអង្គបាននិមន្តជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់នូវសាលាឆាន់ថ្មី ស្ថិតនៅក្នុងវត្ត “ទួលប្រាសាទពេជ្ររង្សី ” ដែលស្ថិតនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥។
ព្រះអង្គបានបិណ្ឌបាត្រដល់ញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ សូមមេត្តាថែរក្សាសុខភាពឱ្យបានមាំទាំ ដើម្បីមានឱកាសធ្វើបុណ្យនិងទ្រទ្រង់ពុទ្ធសាសនាជាមួយគ្នា ពិសេសចូលរួមថែរក្សាសុខសន្តិភាពដែលបានមកដោយ ការតស៊ូលះបង់នូវសាច់ស្រស់ ឈាមស្រស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលមិនអាចកាត់ថ្លៃបាន ទោះក្នុងតម្លៃណាក៏ដោយ។
ទន្ទឹមនឹងនេះព្រះអង្គបាន បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរាប់អានញាតិញោមពុទ្ធបរិស័ទដែលជាជនឆ្លៀតឱកាស ឬក៏កេងចំណេញពីព្រះពុទ្ធសាសនាឬក៏ពីបច្ច័យធនធានរបស់ព្រះសង្ឃ ហើយអាចនាំឱ្យមានហានិភ័យផ្សេងៗជាដើម។
ជាមួយគ្នានេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍ណែនាំដល់សហការី ជាពិសេសការិយាល័យ អប់រំ យុវជននិងកីឡាស្រុកនិងការិយាល័យពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនត្រូវធ្វើកម្មវិធីអប់រំព្រះពុទ្ធសាសនាជូនដល់យុវជនសិស្សានុសិស្សឱ្យបានច្រើន ដើម្បីជាការដាស់តឿននិងអប់រំស្មារតីយុវជន កុំឱ្យភ្លើតភ្លើន ធ្លាក់ខ្លួនក្នុងគ្រឿងញៀនឬប្រព្រឹត្តអំពើអបាយមុខក៏ដូចជាផុងខ្លួនក្លាយជាក្មេងទំនើងជាដើម។
សូមបញ្ជាក់ថា សាលាឆាន់ថ្មីដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងពេលនេះមានទំហំ១២ម៉ែត្រ គុណនឹង២៨ម៉ែត្រនិងមានកម្ពស់១៦ម៉ែត្រ ដែលចំណាយអស់បច្ច័យសរុបចំនួន២៣៧,៨០០,០០០៛ ហើយព្រះអង្គ នី សុវណ្ណមុន្នីរ៉េត បានចូលរួមនូវបច្ច័យមួយចំនួនធំនិងចែកទានសម្ភារៈសិក្សាដល់សិស្សានុសិស្សជាង៥០០នាក់ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។