អភិបាលខេត្តកំពង់ធំ ដាស់តឿនដល់សិស្សឱ្យខំរៀន ដើម្បីអនាគតខ្លួនយើង គ្រួសារ និងសង្គមជាតិ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់សិស្សឲ្យរៀនដើម្បីអនាគតខ្លួនយើង គ្រួសារយើង សង្គមជាតិយើង។
ឯកឧត្តម នួន ផារ័ត្ន ថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់អបអរសាទរខួបទី ៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧មករា ២០២៥ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម បានលើកឡើងថា ការប្រកួតកីឡានេះគឺធ្វើឱ្យយុវជន សិស្សានុសិស្ស និងមហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំនិងឃុំ ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។ អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្សក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា កាប្រកួតពានរង្វាន់នេះយើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាពនៃពានរង្វាន់ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡា មានការអភិវឌ្ឍន៍ពីព្រោះថាកីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ។
ឯកឧត្តមបន្តថា ក្រុមកីឡាកទាំងអ្នកទទួលជ័យលាភីនិងមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះក៏ជាការដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀតហើយការរៀបចំការប្រកួតកីឡាបាល់ទាត់នេះគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នាមានឪកាសជួបជុំគ្នាលេងកីឡាដែលមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះដែលកម្ពុជាបាននកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋពិសេសសិស្សានុសិស្សជាយុវជនជំនាន់ក្រោយសូមធ្វើការចងចាំជានិច្ច និងបន្តថែរក្សាថ្ងៃ៧មករា ឱ្យស្ថិតនៅក្នុងក្រៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់នៃសន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការពារឱ្យបានគង់វង្សស្មារតី ៧មករា ដោយមិនឱ្យក្រុមប្រឆាំងណាមួយ យកថ្ងៃ៧មករា វាយរំលំមកលើរាជ រដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ និងត្រូវចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សប្បុរសជន គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំក្រុមកីឡាករ មន្ត្រីបច្ចេកទេសនិងក្មួយៗកីឡាករបាល់ទាត់ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងការចិត្តមិនគិតពីការនឿយហត់ចូលរួមក្នុងការប្រគូតសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងស្រុកកាន់តែមានភាពរីកចម្រើនបានមួយកម្រិតទៀត ។
គួរបញ្ជាក់ថា កីឡាករដែលបានចូលរួមប្រកួតមានចំនួន១៤ ក្រុម កីឡាករសរុបចំនួន ៣៥៤ នាក់ ជាលទ្ធផលបានទៅលើ៖ លេខ១ ក្រុមឆន្ទៈកីឡា លេខ២ ក្រុមយុវជនរុងរឿង និងលេខ៣ ក្រុមយុជនត្នោតគម៕ អត្ថបទរដ្ឋបាលស្រុកស្ទោង..ពិនិត្យដោយអ៊ុមញឹប។