ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពកសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍បន្ថែមលើអ្វីដែលអាជ្ញាធរមូលដ្ឋានកំពុងធ្វើបាន
(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពកបានសន្យាដូច្នេះនៅក្នុងឱកាសដែល ឯកឧត្តម និងសហការីព្រមទាំងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំពពក កាលពីព្រឹកថ្ងៃទី០៨ ខែមករាឆ្នាំ២០២៥ នៅវត្តពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះឯកឧត្តម បានណែនាំដល់លោកមេឃុំអាជ្ញាធរឃុំពពក ត្រូវអនុវត្តតួនាទី/ភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសិក្សាស្វែងយល់ដល់គ្រប់ខ្នងផ្ទះដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលឃុំពុំមានលទ្ធភាពសម្រេចនិងដោះស្រាយ សូមធ្វើរបាយការណ៍និងបញ្ជូនមករដ្ឋបាលស្រុកនិងក្រុមការងារឱ្យបានដឹង ជួយសម្របសម្រួលនិងដោះស្រាយជាបន្ទាន់។
លើសពីនេះឯកឧត្តម បានជំរុញដល់លោកមេឃុំអាជ្ញាធរឃុំពពក ត្រូវធ្វើការទំនាក់ទំនងនិងអញ្ជើញដល់ភាគីក្រុមហ៊ុនចំការកៅស៊ូដើម្បីដោះស្រាយបញ្ហាផ្សេងៗជាពិសេសការបិទផ្លូវ ការបំពុលទឹកអូរនៅសាលាឃុំឬសាលាស្រុក ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងសំណូមពរ ព្រមទាំងតម្រូវការព្រមទាំងកង្វល់របស់ប្រជាពលរដ្ឋឱ្យបានជាក់ស្ដែងនិងទាន់ពេលវេលា។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលាប្រកបដោយការជឿទុកចិត្ត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។