លោកសាយ គឹមឡម បានលើកឡើងថា ស្មារតី៧មករាជាស្មារតីអមតៈនៃសុខសន្តិភាពនិងការអភិវឌ្ឍន៍
(ខេត្តកំពង់ធំ ): លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧មករា ( ៧ មករា ១៩៧៩ -៧មករា ២០២៥)នៅស្រុកស្ទោង នាព្រឹកថ្ងៃទី០៧ខែមករា ឆ្នាំ២០២៥ ដែលមានសមាជិកសមាជិកាអ្នកចូលរួមសរុបចំនួន ៥៥៥នាក់។
លោកបានបញ្ជាក់បន្ថែមថា ដោយមានស្មារតីរំដោះជាតិមាតុភូមិទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី ៧ខែមករា ១៩៧៩ ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរៈភាពដ៏អង់អាចក្លាហានដែលបានយកសាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះឲ្យបានគង់វង្សដើម្បីសេចក្តីសុខការអភិវឌ្ឍនិង ប្រឆាំងដាច់ខាតរាល់ទង្វើនិងជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលឬធ្វើបដិវត្តន៍ពណ៌និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យខាងតែបាន។
លើសពីនេះលោកបានជំរុញនិងលើកទឹកចិត្ត សិស្សានុសិស្ស និងយុវជន ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែជាសិស្សល្អ កូនល្អ មិត្តល្អ នៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីប្រត្យក្សភាពនៃទិវាជ័យជំនះ៧មករា ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី ៧ នេះ។
ជាចុងបញ្ចប់ លោកស្រី ឡាយ រមនា តំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាពជាពិសេសស្មារតី៧មករាជាអមតៈ ដែលផឹកទឹកមិនភ្លេចប្រភពទឹក។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។