ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ជូនពរឆ្នាំថ្មីឆ្នាំសកល២០២៥ ឯកឧត្តម ឈុន ឈន់ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ គោរពសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីដល់ឯកឧត្តម ឈុន ឈន់ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានចូលនិវត្តន៍សម្រាកពីការងារ ដោយសារវ័យជរា និងសុខភាពទ្រុឌទ្រោមផងដែរ បច្ចុប្បន្នស្នាក់អាស្រ័យនៅគេហដ្ឋានសម្រាប់ក្រុមប្រឹក្សាខេត្តកំពង់ធំ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការនឹករលឹក និងគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ឈុន ឈន់ ដែលកាលនៅជាអភិបាលខេត្តកំពង់ធំ លោកបានជួយដោះស្រាយការលំបាក ដូចជាការសាងសង់ជម្រកស្នាក់នៅ ប្រព័ន្ធទឹក ភ្លើង ជូនយោធិនដែលត្រូវបានជ្រើសរើសថ្មី ហើយត្រូវបានធ្វើការហ្វឹកហ្វឺននៅក្នុងសាលា ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិដោយសារសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃ និងបានជួយដោះស្រាយនូវរាល់ការលំបាកនានាដូចជាសម្ភារៈប្រើប្រាស់ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ផ្ដល់ជូនកងទ័ព ក្នុងពេលបំពេញភារកិច្ចឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ នាពេលកន្លងទៅផងដែរ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពជូនពរ ឆ្នាំថ្មីឆ្នាំសកល ២០២៥ ដល់ឯកឧត្តម ឈុន ឈន់ សូមឱ្យមានសុខភាពល្អបរិបូណ៌ កម្លាំងពលាំងមាំមួនខ្លាំងក្លា និងជន្មាយុយុឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ ព្រមទាំងបានជូននូវកន្ត្រកផ្លែឈើ និងថវិកាមួយចំនួនផងដែរ ដើម្បីចាត់ចែងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម ឈុន ឈន់ បានថ្លែងនូវការអរគុណដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានមកសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី នឹងបានឧបត្ថម្ភកន្ត្រកផ្លែឈើ និងថវិកាមួយចំនួននៅពេលនេះ គឺពិតជាគុណធម៌ដ៏ប្រពៃមិនអាចកាត់ថ្លៃបាន និងបានសូមជូនពរដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។