អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងប្រចាំការ ការពារធនធានធម្មជាតិ នៅស្រុកសណ្តាន់ និងស្រុកសន្ទុក
(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងសាកសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងប្រចាំការ ដើម្បីការពារធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពស្រូវនោះដែរ ឯកឧត្តម នួន ផារ័ត្ន បាននាំដល់បងប្អូនប្រជាពលរដ្ឋ កុំបង្ករបង្កើនផលស្រូវប្រាំង ក្នុងរដូវប្រាំង ដែលអាចអណ្ដាលហើយមានការខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវ ធ្វើឲ្យស្រូវក្រៀមស្វិត និខូចខាតផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរធនធានទឹកខេត្ត បានជួយឧបត្ថម្ភជាប្រេងម៉ាស៊ូត ជូនដល់ប្រជាកសិករនៅទីនោះសម្រាប់ ធ្វើការបូមទឹកស្រោចស្របដំណាំស្រូវប្រាំងជួយសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម នួន ផារ័ត្ន បានបន្តដំណើរសាកសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងប្រចាំការ ដើម្បីការពារធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្តាន់ និងស្រុកសន្ទុក ព្រមទាំងបានផ្ដាំផ្ញើដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការទាំងអស់ ត្រូវខិតខំការពារដីរបស់រដ្ឋឲ្យបានមឺងម៉ាត់បំផុត ដោយមិនត្រូវមានការកាត់ទន្ទ្រានថ្មីពីរជនខិលខូចមួយចំនួនតូច ដែលចង់បានដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភជាថវិកាមួយចំនួន ដល់កងកម្លាំង ដែលបានកំពុងឈើជើងប្រចាំការនៅគោលដៅនីមួយៗផងដែរ។ពិនិត្យដោយអ៊ុមញឹប។