អតីតយុទ្ធជននៅខេត្តកំពង់ធំ គោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មី និងដីសម្បទានសង្គមកិច្ច សម្រាប់រស់នៅកសាងជីវភាពថ្មី ក្នុងសម័យតេជោសន្តិភាព
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អតីតយុទ្ធជននៅខេត្តកំពង់ធំ បានគោរពដឹងគុណជានិច្ចចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុន ដើម្បីរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នឹងបានបន្តអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដោយបានបញ្ចប់សង្គ្រាមស៊ីវិល និងការបែងចែកតំបន់ត្រួតត្រាទាំងស្រុង ដែលបានអូសបន្លាយអស់រយៈពេលជាង៥០០ឆ្នាំ កន្លងទៅ ។ ហើយបច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបភាពឈ្លាសវៃ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិបន្តការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត គួរជាទីមោទនៈ និងពង្រីកកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាស្មើមុខស្មើមាត់នៅក្នុងតំបន់និងលើឆាកអន្តរជាតិ ។
ប្រសាសន៍នេះត្រូវបានបងប្អូនអតីតយុទ្ធជនលើកឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខណៈដែលឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះទៅសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន៦៥ ខ្នងថ្មីទៀត ដើម្បីផ្ដល់ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ក្នុងឱកាសចុះត្រួតពិនិត្យផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ច ថា : អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះស្នាក់នៅ ឬមានជម្រករស់នៅមិនសមរម្យចំនួន ២៤៦ គ្រួសារ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ត្រូវបានសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម ចាត់តាំងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសាងសង់ផ្ទះជូនពួកគាត់រួចរាល់ ។ ដោយឡែកអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះចំនួន១៤១ គ្រួសារ ត្រូវបានសាងសង់ផ្ទះថ្មី និងផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន ១ហិកតាកន្លះ ដែលបងប្អូនបានរស់នៅអស់រយៈពេលជាង៣ឆ្នាំ កន្លងមកហើយ។ ហើយបច្ចុប្បន្ននេះអតីតយុទ្ធជនចំនួន ៦៥ គ្រួសារថ្មីទៀត ដែលគ្មានដីគ្មានផ្ទះត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់ផ្ទះថ្មីជូនគាត់ នឹងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ដើម្បីពួកគាត់បានកសាងជីវភាពថ្មីរស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប