ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកំពង់ធំ
(កំពង់ធំ)៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អង្គការដៃគូរពាក់ព័ន្ធ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបូកសរុបការវាយតម្លៃលទ្ធផលជ័យលាភីក្រុង/ស្រុក ODF ខេត្តកំពង់ធំ ។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានឱ្យដឹងថាកន្លងមកក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដើម្បីបូកសរុបការវាយតម្លៃលទ្ធផលជ័យលាភី ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកំពង់ធំ។
ឯកឧត្តមបានបន្ថែមថា ក្រុង/ស្រុក ទាំង៩ មាន ៨១ឃុំ/សង្កាត់ ស្មើនឹង៧៧១ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ(ODF)១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប ១៧៤,៧៥៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួន សរុប ១៦២,៧៩០ ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១១,៩៦៣ ។
ផ្អែកតាមលទ្ធផលដែលក្រុមការងារបានចុះអង្កេតជាក់ស្តែងតាមខ្នងផ្ទះនៅតាមភូមិ បង្ហាញថាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យល្អ មានបង្គន់ដែលមានការកែលម្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងទុកដាក់សំរាមសមរម្យក្នុងបរិវេណផ្ទះ។ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។