«កំពង់ធំ បញ្ចប់យុទ្ធនាការ “ប្រឆាំងព័ត៌មានក្លែងក្លាយ!” រយៈពេល១ខែ ទទួលបានជោគជ័យ និងលទ្ធផលល្អ គួរអោយកត់សម្គាល់
មន្ទីរព័ត៌មាន ខេត្តកំពង់ធំ បានចាប់ផ្ដើមអនុវត្តបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិបាលរងខេត្ត និងការអញ្ជើញចូលរួម ពីអង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានគាំទ្រយ៉ាងច្រើនកុះករ។
យុទ្ធនាការនេះ មន្ទីរព័ត៌មាន បានបន្តអនុវត្ត ផ្សព្វផ្សាយ នៅតាមទីប្រជុំជន នៃបណ្ដាក្រុង-ស្រុកចំនួនសរុប ៩ លើក ។ នៅក្នុងសកម្មភាពយុទ្ធនាការខាងលើ យើងទទួលបានការចូលរួមគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ជិតពីរពាន់នាក់ ក្នុងនោះ អាជ្ញាធរ មន្ទ្រីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋមួយចំនួន បាន ចូលរួមសម្ដែងមតិ គាំទ្រយុទ្ធនាការនេះយ៉ាងពេញទំហឹង និងបានថ្លែងអំណរគុណ ចំពោះក្រសួងព័ត៌មាន ក៏ដូចជា មន្ទីរព័ត៌មានខេត្ត ដែលបានផ្តួចផ្តើមរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់ នេះឡើង ដើម្បី លើកកម្ពស់សុវត្ថិភាពព័ត៌មាន និងបង្កើនការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នាមានវិធានការកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីសង្គមកម្ពុជា ធ្វើឱ្យសង្គមជាតិ ទទួលបានសន្តិសុខព័ត៌មាន និងការអភិវឌ្ឍ។
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»នៅខេត្តកំពង់ធំ បានបញ្ចប់ដោយជោគជ័យ និងលទ្ធផលល្អ គួរជាទីមោទនៈ ក្នុងរយៈពេលមួយខែដោយចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា២០២៥ បានផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាពយុទ្ធនាការ ដើម្បីផ្តល់ព័ត៌មាន និងខ្លឹមសារបែបអប់រំជូនសាធារណៈជន កាន់តែទូលំទូលាយ នៅទូទាំងប្រទេស ។













![]()
