អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថាវិស័យអប់រំ និងមូលធនមនុស្សជាវិស័យអាទិភាពបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ
(កំពង់ធំ)÷អ្នកឧកញ៉ាបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលអ្នកឧកញ៉ា និងលោកជំទាវព្រមទាំង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូសម្ពោធអគារសិក្សា ក្លោងទ្វារនិងសមិទ្ធផលនានានៅក្នុងសាលាមត្តេយ្យសិក្សាធនធានព្រះនាងស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
អ្នកឧកញ៉ាបានបន្តថា ដើម្បីឱ្យវិស័យអប់រំ និងមូលធនមនុស្សរឹងមាំទៅបានគឺអាស្រ័យលើសុខភាពរបស់សិស្សានុសិស្សឬអ្នកបច្ចេកទេសប្រកបដោយភាពរឹងមាំល្អ ហើយអ្នកឧកញ៉ាមានជំនឿចិត្តថាក្រោយពីអាគារនេះដាក់សម្ពោធហើយសិស្សានុសិស្ស សិក្សារៀនសូត្រប្រកបដោយផាសុកភាព គុណភាពនិងចូលរួមចំណែកធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងស្រុកស្ទោង ប្រកបដោយភាពជឿជាក់។
ទន្ទឹមនឹងនេះអ្នកឧកញ៉ា បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អាណាព្យាបាល អាជ្ញាធរដែនដី និងអាជ្ញាធរអប់រំដើម្បីចូលរួម អភិវឌ្ឍ និងគាំទ្របន្ថែមទៀតដល់សាលាមត្តេយ្យសិក្សាធនធានព្រះនាងដើម្បីជាសាលារៀនគំរូ និងជាទីមេត្រីរបស់កុមារនិងសិស្សានុសិស្ស។
ជាមួយគ្នានេះផងដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងដល់អ្នកឧកញ៉ាសួរ វីរៈនិងលោកជំទាវព្រមបុត្រធីតា ដែលបានឧបត្ថម្ភគាំទ្រពេញទំហឹងក្នុងការកសាងខ្លោងទ្វារ អគារសិក្សានិងសមិទ្ធផលនានានៅក្នុងសាលាមត្តេយ្យសិក្សាធនធានដែលដាក់កាត់ខ្សែបូសម្ពោធនៅក្នុងឱកាសនេះដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍មូលដ្ឋាននិងវិស័យអប់រំ។
សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះមានចំនួន៤បន្ទប់ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹមនិងបរិក្ខារសិក្សា ក្លោងទ្វារ និងសមិទ្ធផលនានាជាច្រើនទៀតដែលមានទឹកប្រាក់សរុបជាង១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ-ពិនិត្យដោយអ៊ុមញឹប។