រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់សមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា
(កំពង់ធំ)៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានណែនាំដល់សមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា។
ការថ្លែងបែបនេះរបស់ឯកឧត្តមបានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងដំណើរទស្សនកិច្ចនេះមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឆេក និងអាល្លឺម៉ង់ បានអញ្ជើញចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំស្វាយចន្ទី ការដាក់ជីបំប៉ន ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ក្នុងពិធីសំណេះសំណាលនេះឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីសោមនស្សរីករាយនិងបានកោតសរសើរសហគមន៍ ដែលមានការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៥០% និងគ្រាប់ស្វាយចន្ទីស្ងួត ៥០% ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ។
ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដារការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ។
នាឱកាសនេះឯកឧត្តម ឌិត ទីណា បានទទួលនូវសំណូមពររបស់សហគមន៍និងស្វែងរកដៃគូនិងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ ហើយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស ការគ្រប់គ្រងសត្វល្អិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គួរបញ្ជាក់ថាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង បានផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី៕